កងទ័ពអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទនេះថា អង្គភាពរថពាសដែកអាមេរិកមួយ កំពុងធ្វើសមយុទ្ធជាប្រចាំ ដើម្បីដាក់ពង្រាយទាហានពីដីគោករបស់សហរដ្ឋអាមេរិក ទៅកាន់ កូរ៉េខាងត្បូង យ៉ាងរហ័ស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាសមត្ថភាព ឆ្លើយតបយ៉ាងឆាប់រហ័ស។
កាលពីខែមុន កងវរសេនាតូចនៅក្រោមកងពលធំពាសដែកលេខ១ ក្នុងរដ្ឋតិចសាស ត្រូវបានចល័តទៅកាន់មូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅជិតទីក្រុង Daegu មានចម្ងាយ ២៣៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ដើម្បីចូលរួមក្នុងសមយុទ្ធ Pacific Fortitude។ នេះបើយោងតាមទីបញ្ជាការកងទ័ពលេខ៨ របស់សហរដ្ឋអាមេរិក។
កងទ័ព ត្រូវបានគេជូនដំណឹងអំពីសមយុទ្ធ នៅថ្ងៃទី ១៧ ខែកក្កដា ហើយ រយៈពេល ៦ថ្ងៃ ក្រោយមក ពួកគេ បានចាប់ផ្តើមទាញយកឧបករណ៍ប្រយុទ្ធ នៅមូលដ្ឋានកងទ័ពជើងគោក Camp Carroll រួមជាមួយនឹងទីបញ្ជាការគាំទ្របេសកកម្មលេខ១៩។ សមយុទ្ធនេះ ក៏បានសាកល្បងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ ដែលមានស្រាប់ នៅកូរ៉េខាងត្បូង។
រូបថតជាច្រើនដែលបានចេញផ្សាយដោយទីបញ្ជាការកងទ័ពលេខ៨ បានបង្ហាញកងទ័ពដែលដឹកជញ្ជូនរថក្រោះ M1 Abrams និងរថយន្តប្រយុទ្ធថ្មើរជើង M2 Bradley នៅមូលដ្ឋាន Camp Carroll ទៅកាន់កន្លែងហ្វឹកហាត់។
លោកឧត្តមសេនីយ៍ត្រី Jin Pak មេបញ្ជាការនៃទីបញ្ជាការគាំបេសកកម្មលេខ១៩ បាននិយាយនៅ ក្នុងសេចក្តីប្រកាសមួយថា៖«មានគ្រឿងយុទ្ធោបករណ៍សំខាន់ៗ នៅនឹងកន្លែងរួចហើយ អនុញ្ញាតឲ្យយើងធ្វើសមយុទ្ធ នៅពេលវេលាដ៏ត្រឹមត្រូវ និងក្នុងល្បឿនមួយដ៏ត្រឹមត្រូវ»។