អ៊ីស្រាអែល បន្តស្ថិតក្នុងភាពមិនច្បាស់លាស់កាលពីថ្ងៃអាទិត្យ (០៤ សីហា) ជាមួយនឹងលទ្ធភាពនៃការវាយប្រហារពីអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធដែលខ្លួនគាំទ្រ ខណៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា ប្រទេសនេះកំពុងស្ថិតក្នុងសង្គ្រាមនៅសមរភូមិមុខជាច្រើនរួចទៅហើយប្រឆាំងនឹងក្រុមអ័ក្សតស៊ូ (ក្រុមប្រយុទ្ធតំណាង) របស់អ៊ីរ៉ង់។
អ៊ីរ៉ង់បានគំរាមឆ្លើយតបបន្ទាប់ពីមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) ត្រូវបានគេធ្វើឃាតនៅរដ្ឋធានីរបស់ខ្លួន និងមេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡា លោក ហ្វ៊ូអាដ ស៊ុកគឺ (Fuad Shukr) ត្រូវបានសម្លាប់នៅទីក្រុងបេរូត។ អ៊ីស្រាអែល បានអះអាងទទួលខុសត្រូវចំពោះការសម្លាប់លោក Shukr ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើការស្លាប់របស់លោក Haniyeh ទេ ខណៈក្រុមហាម៉ាស អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេចោទថាពាក់ព័ន្ធនឹងអ៊ីស្រាអែល។
លោក Netanyahu បាននិយាយថា៖ «អ៊ីស្រាអែល កំពុងស្ថិតក្នុងសង្រ្គាមពហុមុខប្រឆាំងនឹងក្រុមអ័ក្សតស៊ូរបស់អ៊ីរ៉ង់រួចទៅហើយ។ យើងបញ្ជាក់ម្តងទៀតនិងប្រាប់សត្រូវថា យើងនឹងឆ្លើយតបខ្លាំងក្លាសម្រាប់សកម្មភាពឈ្លានពានណាមួយប្រឆាំងនឹងអ៊ីស្រាអែល ទោះក្នុងទំហំណាក៏ដោយ។
អ៊ីស្រាអែល បានប្ដេជ្ញាថានឹងសម្លាប់មេក្លោងក្រុមហាម៉ាសដែលនៅពីក្រោយការវាយប្រហារថ្ងៃទី០៧ តុលា ដែលបង្កឱ្យមានសង្គ្រាមនៅហ្កាហ្សា។ ប៉ុន្មានម៉ោងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Netanyahu រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយថា អ៊ីស្រាអែល «បានត្រៀមខ្លួនជាស្រេច» ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការវាយប្រហារណាមួយ៕