ទោចក្រយាន៖ ក្រុមកីឡាករទោចក្រយានកម្ពុជាជម្រើសជាតិទោចក្រយានកម្ពុជា (ផ្នែកកង់គួក) ៣រូបដែលដឹកនាំដោយគ្រូបង្វឹកលោក ខ្លូត ករណី បានត្រឡប់មកមាតុភូមិវិញហើយ ដោយគ្រោងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលអង្គារនេះ បន្ទាប់ពីបញ្ចប់ការបោះជុំរុំហ្វឹកហាត់រយៈពេល ៣ខែដោយជោគជ័យនៅប្រទេសបារាំង។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានឲ្យដឹងថា គ្រូបង្វឹក និងកីឡាករកង់គួកកម្ពុជាបានចាកចេញពីប្រទេសបារាំង កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ ហើយគ្រោងធ្វើដំណើរមកដល់មាតុភូមិនាវេលាម៉ោង ២រសៀលនេះ។ បន្ទាប់មកពួកគេនឹងត្រូវធ្វើចត្ដាឡីស័កនៅសណ្ឋាគារមួយកន្លែង តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ យ៉ាងណាមិញរយៈពេល ៣ខែនៃការបោះជុំរុំហ្វឹកហាត់នៅតំបន់អឺរ៉ុប ត្រូវបានសហព័ន្ធធ្វើការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន ទាំងសមត្ថភាព និងបច្ចេកទេស បើធៀបនឹងការហ្វឹកហាត់ក្នុងស្រុក ពិសេសការប្រកួតអន្ដរជាតិប្រចាំតំបន់អឺរ៉ុបចំនួន ៤កម្មវិធី កីឡាករម្នាក់ៗសុទ្ធតែបានបំបែកសិទ្ធផលចាស់របស់ខ្លួន ដែលជាសញ្ញាញវិជ្ជមានមួយសម្រាប់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ។

គួរបញ្ជាក់ថា ការបោះជុំរុំហ្វឹកហាត់នៅបារាំងនេះគឺទទួលបានឧបត្ថម្ភគាំទ្រ ពីសមាគមខ្មែរកីឡាទោចក្រយាននៅប្រទេសបារាំង និងទទួលបានយកចិត្តទុកដាក់ខ្ពស់ពីប្រធានសហព័ន្ធឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។ ចំពោះកីឡាករជម្រើសជាតិកង់គួកកម្ពុជាដែលត្រូវបានបញ្ជូនទៅហ្វឹកហាត់នោះ រួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ ៕
អត្ថបទ លី ឈុនឡា,