គណៈកម្មាធិការជំនួយមនុស្សធម៌របស់ប្រទេសស៊ូដង់ (HAC) កាលពីថ្ងៃអាទិត្យ បានបដិសេធការអះអាងអំពីគ្រោះទុរ្ភិក្សនៅជំរំ Zamzam ជាជំរំធំបំផុតមួយ សម្រាប់ជនភៀសខ្លួនខាងក្នុងប្រទេស នៅរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។ គណៈកម្មាធិការជំនួយមនុស្សធម៌ HAC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្វីដែលត្រូវបានបញ្ជាក់នៅក្នុងរបាយការណ៍របស់បណ្តាញការងារប្រព័ន្ធព្រមានគ្រោះទុរ្ភិក្ស (FEWS NET) ពុំមែនជាការពិត នោះទេ។
គណៈកម្មាធិការជំនួយមនុស្សធម៌របស់ប្រទេសស៊ូដង់ (HAC) បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយបានបញ្ជាក់ថា កង្វះស្បៀងអាហារ និងជំនួយមនុស្សធម៌ នៅតាមទីតាំង និងជំរំទាំងនេះ គឺបណ្តាលមកពីការហ៊ុមព័ទ្ធ ដែលបានដាក់ដោយកងកម្លាំងគាំទ្ររហ័សរបស់ក្រុមឧទ្ទាម (RSF) និងការបាញ់ផ្លោងកាំភ្លើងធំដោយកងជីវពលនេះ ទៅលើទីតាំងថែទាំសុខភាព និងមជ្ឈមណ្ឌល និងជំរំ IDP ។
គណៈកម្មការបញ្ជាក់ថា ការនិយាយអំពីគ្រោះទុរ្ភិក្សនៅក្នុងជំរំទាំងនេះ មិនសមស្របទៅនឹងលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌចាំបាច់សម្រាប់ការប្រកាសពីគ្រោះទុរ្ភិក្សឡើយ។
បណ្តាញការងារប្រព័ន្ធព្រមានគ្រោះទុរ្ភិក្ស ជាទីភ្នាក់ងារវិភាគមួយ ដែលឃ្លាំមើលសន្តិសុខស្បៀងនៅទូទាំងពិភពលោក បានប្រកាសថា គ្រោះទុរ្ភិក្សកំពុងបន្តកើតមានក្នុងជំរំ Zamzam។ ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិបាននិយាយថា គ្រោះទុរ្ភិក្ស បានកើតមាននៅក្នុងតំបន់មួយចំនួនរបស់ប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម ហើយនឹងបន្តក្នុងរយៈពេលពីរខែខាងមុខ។
ភាគីជម្លោះទាំងពីរនៅក្នុងប្រទេសនេះ គឺកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការទទួលខុសត្រូវចំពោះគ្រោះទុរ្ភិក្ស។