ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន បានវាយប្រហារដោយមីស៊ីលទៅនាវាដឹកកុងតឺន័រ ដែលមានទង់ជាតិលីបេរីយ៉ា ដែលកំពុងធ្វើដំណើរកាត់ឈូងសមុទ្រ Aden ជាការវាយប្រហារលើកដំបូងដោយក្រុមនេះ ចាប់តាំងពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅលើទៅលើពួកគេនោះ។
ក្រុមហ៊ួទី មិនបានផ្តល់ការពន្យល់សម្រាប់ការផ្អាករយៈពេលពីរសប្តាហ៍ នៅក្នុងការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូនទំនិញតាមច្រករបៀងសមុទ្រក្រហម ដែលបានឃើញការថយចុះស្រដៀងគ្នា ចាប់តាំងពីការវាយលុក បានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ជុំវិញសង្រ្គាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ប៉ុន្តែការវាយប្រហារ បានបន្តឡើងវិញ បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ ( Ismail Haniyeh) នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់របស់ក្រុមហ៊ួទី ស្របពេលមានការព្រួយបារម្ភជាថ្មីអំពីសង្គ្រាមដែលផ្ទុះឡើងក្លាយជាជម្លោះ ក្នុងតំបន់។
ក្រុមឧទ្ទាម បាននិយាយដាច់ដោយឡែកពីគ្នាថា ពួកគេ បានបាញ់ទម្លាក់យានដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿងទៀតកាលពីថ្ងៃអាទិត្យ ក្រោយមកបានចេញផ្សាយរូបភាពនៃបំណែកយន្តហោះ នៅចង្កេះភ្នំ។
មជ្ឈមណ្ឌលព័ត៌មានដែនសមុទ្ររួម (JMIC) ដែលជាសម្ព័ន្ធពហុជាតិគ្រប់គ្រងដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា៖«ការវាយប្រហារកាលពីថ្ងៃសៅរ៍ បានកើតឡើងនៅចម្ងាយប្រហែល ២២៥ គីឡូម៉ែត្រ (១៤០ ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុង Aden នៅតំបន់ឈូងសមុទ្រ Aden ដែលបានឃើញការវាយប្រហារជាច្រើនលើកមុនរបស់ក្រុមហ៊ួទី។ ក្រុមបានវាយប្រហារលើនាវាដឹកកុងតឺន័រ Groton នៅពីលើខ្សែទឹករបស់ខ្លួន ដោយបណ្តាលឲ្យខូចខាតតិចតួច។ JMIC បាននិយាយថា ការវាយប្រហារដោយមីស៊ីលមុននេះ មិនបានត្រូវចំនាវានោះទេ។