សារព័ត៌មានអនឡាញរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី៤ ខែសីហា) បានផ្សព្វផ្សាយថា កងទ័ពអ៊ីស្រាអែល បានចែករំលែកតគ្នានូវឯកសារមួយជាមួយបណ្ដាអភិបាលក្រុងនៃទីក្រុងភាគខាងជើងរបស់អ៊ីស្រាអែល ដែលរៀបរាប់លម្អិតអំពីសេណារីយោនៃ «សង្រ្គាមទាំងអស់» ជាមួយក្រុមហេសបូឡារបស់លីបង់។
សារព័ត៌មាន «The Times of Israel» បានរាយការណ៍ថា៖ «ឯកសារនោះប៉ាន់ស្មានពីការដាច់ចរន្តអគ្គិសនីរយៈពេល ៣ថ្ងៃ នៅក្នុងទីក្រុងមួយចំនួន ការផ្អាកនូវការផ្គត់ផ្គង់ទឹកដែលអាចមានរយៈពេលប៉ុន្មានថ្ងៃ ការផ្តាច់បណ្តាញទូរសព្ទរហូតដល់ ៨ម៉ោង និងការទំនាក់ទំនងតាមទូរសព្ទ ២៤ម៉ោង ព្រមទាំងការរំខាន នៅមូលដ្ឋានរយៈខ្លី ចំពោះរលកវិទ្យុ និងអ៊ីនធឺណិត»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនោះ បានឲ្យដឹងទៀតថា ស្ថាប័នសន្តិសុខអ៊ីស្រាអែលវាយតម្លៃថា អ៊ីស្រាអែលអាចប្រឈមនឹង «ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក ដោយគ្រាប់រ៉ុក្កែតរាប់រយគ្រាប់ដែលផ្ទុកក្បាលគ្រាប់ចាប់ពីទម្ងន់ ៥០គីឡូក្រាមដល់ទៅ ១០ដង»។
ជាមួយគ្នានេះ កងទ័ពក៏បានរំពឹងដែរថា ក្រុមហេសបូឡា នឹង «វាយប្រហារគោលដៅឆ្ងាយៗ នៅភាគខាងត្បូងនៃទីក្រុង Haifa រួមទាំងទីក្រុង Tel Aviv ដែលអាចបង្ខំឲ្យមានការជម្លៀសប្រជាជនមួយចំនួនធំទៅកាន់ទីក្រុង Jerusalem និងទៅភាគខាងត្បូង«។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងកាន់តែខ្លាំង រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ចាប់តាំងពីទីក្រុង Tel Aviv បានធ្វើឃាតមេបញ្ជាការយោធាជាន់ខ្ពស់របស់ក្រុមនេះ គឺលោក Fuad Shukr នៅក្នុងការវាយប្រហារតាមអាកាសលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត (Beirut) កាលពីថ្ងៃទី៣០ ខែកក្កដា៕