ក្រុមស្តាំនិយមជ្រុលដែលជាក្រុមមានសិទ្ធិខ្ពស់ជាងគេ ក្នុងការឈ្នះការបោះឆ្នោតបន្ទាប់របស់ប្រទេសអូទ្រីស បានចងសម្ព័ន្ធភាពជាមួយមេដឹកនាំហុងគ្រី លោក Viktor Orban ដោយការធ្វើបែបនេះអាចជាការផ្គើនកាន់តែខ្លាំងឡើងៗ ចំពោះទីក្រុងប្រ៊ុចសែល និងកាន់តែគំរាមកំហែងដល់ការឯកភាពគ្នា ដែលមានភាពផុយស្រួយរួចទៅហើយនោះ ជុំវិញសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេឡើងកាន់អំណាច។
លោក Orban ដែលជានាយករដ្ឋមន្ត្រីនៃដៃគូអធិរាជចាស់របស់ប្រទេសអូទ្រីស និងជាសម្ព័ន្ធមិត្តរបស់បេក្ខជនប្រធានាធិបតីអាមេរិក លោក Donald Trump ជារឿយៗ បានរារាំង ឬពន្យារពេលការសម្រេចសំខាន់ៗរបស់សហភាពអឺរ៉ុប (EU) ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងការផ្ដល់ជំនួយ សម្រាប់អ៊ុយក្រែនជាដើម ដោយបានធ្វើឲ្យមានការផ្ដល់សម្បទានពីប្លុក នៅក្នុងដំណើរការនេះ។
ខណៈពេលដែលក្រុមជាតិនិយមរឹងរូសផ្សេងទៀតដែលកំពុងដឹកនាំរដ្ឋាភិបាលអឺរ៉ុប បានសម្របសម្រួលនយោបាយ ឬទស្សនៈរបស់ពួកគេ មេដឹកនាំគណបក្សសេរីភាពអូទ្រីស (FPO) លោក Herbert Kickl បានធ្វើឲ្យគណបក្សរបស់លោកស្របគ្នាយ៉ាងកៀកជាមួយលោក Orban ដែលជាអ្នកប្រកាសខ្លួនឯងគាំទ្រ «លទ្ធិប្រជាធិបតេយ្យសេរីនិយម»។
គួរបញ្ជាក់ថា ដោយប្រកាសពីសម្ព័ន្ធភាពអឺរ៉ុបរបស់ពួកគេ កាលពីខែមិថុនា នៅក្នុងសណ្ឋាគារ នាទីក្រុងវីយ៉ែន (Vienna) ជាមួយលោក Andrej Babis ប្រធានគណបក្សដ៏ធំបំផុតជាងគេ នៅក្នុងសភាជាន់ទាបរបស់សាធារណរដ្ឋឆេក លោក Kickl បាននិយាយជាមួយលោក Orban ថា៖ «យើងកំពុងឈានចូលទៅក្នុងអ្វី ដែលខ្ញុំចង់ហៅថា យុគសម័យថ្មីនៅក្នុងនយោបាយអឺរ៉ុប»។
គណបក្សផ្សេងទៀត រួមទាំងគណបក្សរួបរួមជាតិរបស់លោកស្រី Marine Le Pen នៅប្រទេសបារាំង ក៏បានចូលរួមសម្ព័ន្ធភាពនោះ ដោយធ្វើឲ្យសម្ព័ន្ធភាពនេះក្លាយជាក្រុមនយោបាយធំជាងគេបំផុតទី៣ នៅក្នុងសភាអឺរ៉ុប៕