ភ្នំពេញ ៖ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១២៩គ្រួសាររស់នៅស្រុកឈូក ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីសម្រួលជីវភាពខ្វះខាតប្រចាំថ្ងៃ។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានចុះទៅសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១២៩គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកឈូក ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តដីក្រហម ស្រុកឈូក ខេត្តកំពត ។
នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម ប្រធានបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់យកអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋស្រុកឈូក ទោះបានចាក់វាក់សាំងរួចរាល់ទាំងអស់គ្នាហើយក៏ដោយ ក៏ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន ពិសេសគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពតាមវិធាននានារបស់ប្រមុខរាជរដ្ឋាភិបាល ។
អំណោយផ្តល់ជូនពលរដ្ឋម្នាក់ៗ រួមមាន ៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស ម៉ាស់១ប្រអប់ និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ ៖ អាន សារីម

