តាមរយៈផតខាសដែលរៀបចំឡើងដោយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ គឺលោក Lex Fridman លោក Elon Musk បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនកុំព្យូទ័រខួរក្បាលរបស់លោក គឺក្រុមហ៊ុន Neuralink Corp. បានបញ្ចូលឧបករណ៍ដោយជោគជ័យទៅក្នុងខ្លួនអ្នកជំងឺទី២។
លោក Musk បាននិយាយថា៖ «ខ្ញុំមិនចង់ឲ្យវាមានរឿងមិនល្អនោះទេ ប៉ុន្តែវាហាក់ដូចជាដំណើរការទៅយ៉ាងល្អបំផុត ជាមួយការផ្សាំលើកទី២ នេះ។ មានសញ្ញាជាច្រើន ពោលគឺមានសញ្ញាអេឡិចត្រូតជាច្រើន»។
ជាមួយគ្នានេះ លោក Musk បានផ្តល់ព័ត៌មានលម្អិតមួយចំនួន អំពីការវះកាត់ដែលត្រូវបានពន្យារពេល បន្ទាប់ពីអ្នកជំងឺដែលគ្រោងទុកពីដំបូង សម្រាប់នីតិវិធីលើកទី២ នេះ ត្រូវដកចេញ ក្នុងខែមិថុនា ដោយសារស្ថានភាពសុខភាពមិនច្បាស់លាស់»។
គួរបញ្ជាក់ថា អ្នកជំងឺទី១ គឺលោក Noland Arbaugh ដែលមានពិការភាពអវយវៈទាំង៤ ត្រូវបានផ្សាំឧបករណ៍របស់ក្រុម Neuralink កាលពីដើមឆ្នាំនេះ។ លោកបាននិយាយជាញឹកញាប់ អំពីភាពល្អប្រសើររបស់ឧបករណ៍នេះដែលបានផ្ដល់ឲ្យជីវិតរបស់លោក ឧទាហរណ៍ដូចជាអាចឲ្យលោកលេងហ្គេមវីដេអូបាន។
លើសពីនោះទៀត លោក Musk បាននិយាយនៅក្នុងផតខាសនោះបន្ថែមថា ក្រុមហ៊ុន Neuralink រំពឹងថា នឹងដំណើរការការផ្សាំឧបករណ៍នេះលើអ្នកជំងឺសរុបចំនួន ១០នាក់ នៅឆ្នាំនេះ៕