រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នឹងធ្វើទស្សនកិច្ចនៅប្រទេសអាហ្វ្រិកចំនួន៣ ក្នុងសប្តាហ៍នេះ ដែលជាកិច្ចប្រឹងប្រែងមួយ ដើម្បីកៀរគរការគាំទ្រដល់ជំហររបស់ទីក្រុងគីវ ក្នុងសង្រ្គាមរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ នេះបើតាមក្រសួងការបរទេស កាលពីថ្ងៃអាទិត្យ (ទី៤ ខែសីហា)៕
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងការធ្វើដំណរការទូតលើកទី៤ របស់លោកទៅកាន់ទ្វីបអាហ្រ្វិក ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ លោក Kuleba នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡាវី ហ្សំប៊ី និងម៉ូរីស ពីថ្ងៃទី ៤-៨ ខែសីហា។
កិច្ចប្រជុំទាំងអស់ នឹងផ្តោតលើការបង្កើតទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើការគោរព និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ក្រសួងបានប្រាប់ទៀតថា ក្នុងចំណោមការពិភាក្សាប្រធានបទសំខាន់ៗ នឹងមានការចូលរួមពីរដ្ឋអាហ្វ្រិក ដែលជាកិច្ចខិតខំប្រឹងប្រែងសកល ដើម្បីស្ដារសន្តិភាពពិតប្រាកដ សម្រាប់អ៊ុយក្រែន និងពិភពលោកទាំងមូល។
គួរបញ្ជាក់ថា ប្រទេសអាហ្រ្វិកមួយចំនួន បានចូលរួមក្នុងសន្និសិទ ស្តីពីអ៊ុយក្រែន ដែលប្រទេសស្វ៊ីសធ្វើជាម្ចាស់ផ្ទះ ក្នុងខែមិថុនា ប៉ុន្តែពួកគេភាគច្រើន មានការស្ទាក់ស្ទើរក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ក្នុងការធ្វើឲ្យប្រទេសរុស្ស៊ីនៅឯកោ ខណៈដែលថាមពល និងទំនិញដ៏សំខាន់ៗរបស់ប្រទេសទាំងនោះត្រូវពឹងលើទីក្រុងមូស្គូ។
ជាមួយគ្នានេះ ក្រសួងបានបន្ថែមថា អំឡុងដំណើរទស្សនកិច្ច លោក Kuleba ក៏នឹងពិភាក្សាផងដែរ អំពីការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិអ៊ុយក្រែន ទៅកាន់តំបន់នេះ និងការចូលរួមរបស់ក្រុមហ៊ុនអាហ្វ្រិក ក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ៕