មនុស្សរាប់ពាន់នាក់ នៅក្នុងទីក្រុង Pune ភាគខាងលិចនៃប្រទេសឥណ្ឌា ត្រូវបានជម្លៀសចេញពីតំបន់ទំនាប កាលពីថ្ងៃអាទិត្យ (ទី៤ ខែសីហា) ដោយសារកម្រិតទឹក នៅក្នុងទន្លេធំៗ ២ បានហក់ឡើង ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។
រូបភាពវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយ ANI បានបង្ហាញឲ្យឃើញទឹកហូរហៀរលើទំនប់ ហើយទឹកទន្លេឡើងជាលំដាប់ៗ បន្ទាប់ពីមន្ត្រីក្រុងបានបើកទ្វារបង្ហូរទឹកជំនន់។
ជាមួយគ្នានេះ គេក៏មើលឃើញផងដែរថា ក្រុមអ្នកជួយសង្គ្រោះ កំពុងប្រើទូកពោង ដើម្បីជម្លៀសអ្នកស្រុកទៅកាន់កន្លែងសុវត្ថិភាព។
គួរបញ្ជាក់ថា ភ្លៀងមូសុងតាមរដូវរបស់ប្រទេសឥណ្ឌា ដែលចាប់ផ្តើមនៅចុងខែឧសភា នាំឲ្យមានភាពធូរស្រាលខ្លះៗពីរដូវក្ដៅដ៏ហួតហែង ប៉ុន្តែក៏បានបង្កឲ្យមានទឹកជំនន់គ្រប់ទីកន្លែងផងដែរ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕