អាហ្វហ្គានីស្ថាន៖ មន្ត្រីជាន់ខ្ពស់តាលីបង់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមតាលីបង់នឹងរៀបចំពិធីពិសេសមួយដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ ថ្លែងប្រាប់ទូរទស្សន៍កណ្តាលចិន (CCTV) លោក Ahmadullah Wasiq អនុប្រធានគណៈកម្មការវប្បធម៌តាលីបង់បាននិយាយថា តាលីបង់ដណ្តើមបានខេត្ត Panjshir ទាំងស្រុងកាលពីយប់ថ្ងៃអាទិត្យ ដោយបានគ្រប់គ្រងលើខេត្តទាំងអស់របស់អាហ្វហ្គានីស្ថាន។

បច្ចុប្បន្ននេះកម្លាំងតស៊ូក្នុងខេត្ត Panjshir មិនទាន់ឆ្លើយតបនៅឡើយទេ។ កន្លងមកពួកគេបានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ថា ក្រុមតាលីបង់គ្រប់គ្រងលើខេត្តPanjshir។ លោក Wasiq បាននិយាយថា ក្រុមតាលីបង់បានដណ្តើមគ្រប់តំបន់ទាំងអស់នៃខេត្ត Panjshir កាលពីយប់មិញ ហើយឥឡូវនេះតាលីបង់ដណ្ដើមគ្រប់គ្រងតំបន់ទាំងអស់នៅក្នុងខេត្តនេះ។ បច្ចុប្បន្ននេះមិនមានសកម្មភាពតស៊ូនៅក្នុងខេត្តឡើយ។ ក្រុមតាលីបង់នឹងរៀបចំពិធីពិសេសមួយ ដើម្បីប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មី។ ហើយនឹងអញ្ជើញភ្ញៀវទាំងក្នុង និងក្រៅប្រទេសឱ្យចូលរួម។ អ្នកតំណាងមកពីប្រទេសរុស្ស៊ី កាតា ទួរគី និងបណ្តាប្រទេសដទៃទៀតនឹងត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងពិធីដូចបានរៀបរាប់ខាងលើនេះ។
គួរឲ្យដឹងថា ខេត្ត Panjshir ដែលមានចំងាយ ២០០គីឡូម៉ែត្រនៅភាគខាងជើងទីក្រុងកាប៊ុល គឺជាខេត្តចុងក្រោយនៅអាហ្វហ្គានីស្ថាន ដែលក្រុមតាលីបង់មិនអាចគ្រប់គ្រងបានទេ ចាប់តាំងពីការដកទ័ពអាមេរិកចេញពីប្រទេសអាស៊ីកណ្តាលមួយនេះ កាលពីចុងខែសីហា៕
អត្ថបទ៖ សុខមាន