ប្រទេសបង់ក្លាដែសកំពុងជួបប្រទះភាពចលាចលជាថ្មី ដោយមនុស្សជិត ១០០នាក់ បានបាត់បង់ជីវិត កាលពីថ្ងៃអាទិត្យ (ទី៤ ខែសីហា) ខណៈដែលក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ និងអ្នកគាំទ្ររបស់គណបក្សកាន់អំណាច។ កាលពីខែមុន មានអ្នកស្លាប់យ៉ាងហោចណាស់ ១៥០នាក់ ហើយរាប់ពាន់នាក់បានរងរបួស អំឡុងការតវ៉ា ជុំវិញកូតាការងារ។
បន្ទាប់ពីបានធូរស្រាលបានបន្តិច ការតវ៉ាចាប់ផ្ដើមផ្ទុះឡើង ហើយមានហេតុផលមួយចំនួន ដែលនាំឲ្យភាពចលាចលនេះកើតឡើងជាថ្មី។ សម្រាប់ការតវ៉ា និងការទាមទារជាដំបូង នាពេលនេះ ក្រុម «និស្សិតប្រឆាំងនឹងការរើសអើង» កំពុងដឹកនាំបាតុកម្មថ្មី ដោយអំពាវនាវឲ្យនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ចុះចេញពីតំណែង។ ការទាមទាររបស់ពួកគេ រួមមានការសុំទោសជាសាធារណៈពីលោកស្រី Hasina ការស្ដារសេវាកម្មអ៊ីនធឺណិត ការបើកស្ថាប័នអប់រំឡើងវិញ និងការដោះលែងអ្នកជាប់ឃុំ។ ហើយការតវ៉ានេះបានវិវត្តទៅជាយុទ្ធនាការទម្លាក់លោកស្រី Hasina ពីតំណេង និងចលនាមិនសហការទូទាំងប្រទេស ចាប់ពីថ្ងៃអាទិត្យមក។
ចុះហេតុអ្វី បានជាអ្នកតវ៉ាចង់ឲ្យលោកស្រី Hasina លាលែងពីតំណែង? ក្រុមបាតុករបានបន្ទោសរដ្ឋាភិបាលរបស់លោកស្រី Hasina ជុំវិញអំពើហិង្សា អំឡុងការតវ៉ា កាលពីខែមុន ហើយចោទប្រកាន់ថា រដ្ឋាភិបាលបានប្រើប្រាស់កម្លាំងហួសហេតុ ជាការចោទប្រកាន់ដែលរដ្ឋាភិបាលបដិសេធ។ លោកស្រី Hasina បានចាត់ទុកក្រុមបាតុករហិង្សាថា ជា «ភេរវករ» ដោយបដិសេធការអះអាងរបស់ពួកគេ និងបដិសេធការចរចាជាមួយក្រុមនិស្សិត។
ចុះអ្វីទៅដែលនាំឲ្យមានការតវ៉ាកូតាការងារ? ភាពចលាចលនេះ បានចាប់ផ្តើមនៅក្នុងខែមិថុនា នៅពេលដែលតុលាការជាន់ខ្ពស់ បានបញ្ចូលឡើងវិញនូវប្រព័ន្ធកូតា សម្រាប់ការងាររដ្ឋាភិបាល ដោយបានច្រានចោលការសម្រេចឆ្នាំ២០១៨ ដោយរដ្ឋាភិបាលរបស់លោកស្រី Hasina ដែលបានផ្អាកគម្រោងនេះ។ ក្រោយមកតុលាការកំពូល បានព្យួរដីការរបស់តុលាការជាន់ខ្ពស់នេះ ដោយអនុញ្ញាតឲ្យមានការងារចំនួន ៩៣% ដែលត្រូវផ្អែកលើគុណសម្បត្តិ។
យ៉ាងណាក្ដី ភាពចលាចលនេះក៏ត្រូវបានជំរុញដោយកំណើនការងារដែលនៅទ្រឹង និងការអត់ការងារធ្វើរបស់យុវជន ក្នុងកម្រិតខ្ពស់ ដោយមានយុវជនប្រមាណ ៣២លាននាក់គ្មានការងារធ្វើ ឬឈប់រៀនសូត្រ។ សេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស ដែលធ្លាប់មានការកើនឡើងនោះ ឥឡូវនេះកំពុងជួបបញ្ហាជាមួយនឹងអតិផរណា និងការធ្លាក់ចុះទុនបម្រុងប្រាក់ដុល្លារ។
ហើយអ្វីដែលសំខាន់ទៀតនោះ បរិបទនយោបាយ ក៏មិនត្រូវបានបដិសេធដែរ។ លោកស្រី Hasina បានឈ្នះអាណត្តិទី៤ នៅក្នុងការបោះឆ្នោត កាលពីខែមករា ដែលគណបក្ស BNP បានធ្វើពហិការដោយចោទប្រកាន់លោកស្រីថា មានការក្លែងបន្លំសន្លឹកឆ្នោត។ គណបក្ស BNP បានអះអាងពីការចាប់ខ្លួនយ៉ាងទូលំទូលាយ និងការមានអំពើហិង្សាប្រឆាំងនឹងអ្នកគាំទ្ររបស់ខ្លួនដែលលោកស្រី Hasina សន្មតថា ធ្វើការតវ៉ាដែលជំរុញដោយគណបក្ស BNP៕