រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងសមភាគីរុស្ស៊ី លោក Sergei Lavrov បានពិភាក្សាគ្នា កាលពីថ្ងៃអាទិត្យ អំពីការកើនឡើងភាពតានតឹងនាពេលថ្មីៗនេះ នៅមជ្ឈិមបូព៌ា។
ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង ដែលបានធ្វើឡើង ដើម្បីបន្ថយស្ថានការណ៍ ក្នុងរបៀបមួយដែលរក្សាសន្តិសុខ ស្ថិរភាព និងផលប្រយោជន៍របស់ប្រជាជន ក្នុងតំបន់។
សេចក្តីថ្លែងការណ៍ បាននិយាយថា អ្នកការទូតទាំងពីរ ក៏បានពិភាក្សាអំពីវិធី ដើម្បីចៀងវាងការធ្លាក់ចូលទៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរនៃការប្រឈមមុខដាក់គ្នា ក្នុងតំបន់ ដោយបន្ថែមថា ពួកគេក៏បានផ្លាស់ប្តូរទស្សនៈ អំពីបញ្ហាផលប្រយោជន៍រួមផងដែរ។
ការព្រួយបារម្ភ បានកើនឡើងយ៉ាងខ្លាំងជុំវិញលទ្ធភាពភាពតានតឹងក្នុងតំបន់ បន្ទាប់ពីអ៊ីស្រាអែលធ្វើឃាតប្រធានការិយាល័យនយោបាយហាម៉ាស លោក អ៊ីស្មេល ហានីយេ កាលពីព្រឹកថ្ងៃពុធ នៅពេលដែលលំនៅដ្ឋានរបស់គាត់ ក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ ក៏ដូចជាការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ Dahieh នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលបណ្តាលឲ្យស្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ហេសបូឡា លោក Fouad Shokor និងជនស៊ីវិល ៧នាក់។