នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែង នៅថ្ងៃចន្ទ (ទី៥ ខែសីហា) នេះ ហើយបានភៀសខ្លួនចេញពីប្រទេស ខណៈមានអ្នកស្លាប់កាន់តែច្រើន ក្នុងអំពើហិង្សាមួយ ក្នុងចំណោមអំពើហិង្សាដ៏អាក្រក់បំផុតមួយចំនួន គិតចាប់តាំងពីប្រជាជាតិអាស៊ីខាងត្បូងមួយនេះ ទទួលបានឯករាជ្យ កាលពីជាង ៥ទសវត្សរ៍មុន។
តាមរយៈសុន្ទរកថាតាមទូរទស្សន៍ អគ្គមេបញ្ជាការកងទ័ព លោក Waker-Us-Zaman បានឲ្យដឹងថា លោកស្រី Hasina វ័យ ៧៦ឆ្នាំ បានចាកចេញពីប្រទេស ហើយថា រដ្ឋាភិបាលបណ្តោះអាសន្នមួយ នឹងត្រូវបានបង្កើតឡើង។
ក្រុមមនុស្សដែលមើលទៅពេញដោយភាពរីករាយ បាននាំគ្នាគ្រវីទង់ជាតិ ដោយមានខ្លះឈររាំនៅលើរថក្រោះមួយ នៅតាមដងផ្លូវនៃទីក្រុងដាកា នាព្រឹកថ្ងៃទី៥ ខែសីហា មុនពេលមនុស្សរាប់រយនាក់ បានសម្រុកចូលតាមច្រកទ្វារនៃគេហដ្ឋានផ្លូវការរបស់លោកស្រី Hasina។ ទូរទស្សន៍ឆាណែលលេខ២៤ របស់បង់ក្លាដែស បានផ្សាយពីរូបភាពនៃក្រុមមនុស្សដែលកំពុងរត់ចូលទៅក្នុងបរិវេណដោយលើកដៃគ្រវីដាក់កាមេរ៉ា នៅពេលពួកគេនាំគ្នាអបអរ។
ប្រភពស្និទ្ធនឹងលោកស្រី Hasina បានប្រាប់សារព័ត៌មាន AFP មុននេះថា លោកស្រីបានចាកចេញពីវិមានរដ្ឋាភិបាលហើយ ដើម្បីស្វែងរក «កន្លែងសុវត្ថិភាពជាងនេះ»។ ហើយបើយោងតាមសារព័ត៌មាន Prothom Alo នៅបង់ក្លាដែស បានឲ្យដឹងថា លោកស្រីបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រយោធាទៅកាន់ប្រទេសឥណ្ឌា។ ឧទ្ធម្ភាគចក្រដែលដឹកប្អូនស្រីរបស់លោកស្រីដែរមនោះ ត្រូវបានរាយការណ៍ថា បានចុះចតនៅទីក្រុង Agartala ភាគឦសានប្រទេសឥណ្ឌា។
មុនពេលក្រុមបាតុករបានសម្រុកចូលបរិវេណនោះ កូនប្រុសរបស់លោកស្រី Hasina បានជំរុញឲ្យកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ រារាំងការផ្ដួលរលំណាមួយ ចំពោះការគ្រប់គ្រងរយៈពេល ១៥ឆ្នាំរបស់លោកស្រី។ កងកម្លាំងសន្តិសុខបានគាំទ្ររដ្ឋាភិបាលរបស់លោកស្រី Hasina អំឡុងពេលមានភាពចលាចលនេះ ដែលបានចាប់ផ្តើមកាលពីខែមុន ប្រឆាំងនឹងកូតាការងារមន្ត្រីរាជការ បន្ទាប់មកបានរីករាលដាលទៅជាការអំពាវនាវយ៉ាងទូលំទូលាយឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។
មានអ្នកស្លាប់មិនតិចជាង ៩៤នាក់ កាលពីថ្ងៃអាទិត្យ (ទី៤ ខែសីហា) ក្នុងនោះមានរួមទាំងមន្រ្តីនគរបាលចំនួន ១៤នាក់ផងដែរ ដោយនេះចាត់ទុកថា ជាថ្ងៃដ៏អាក្រក់បំផុតនៃភាពចលាចលនេះ។ ក្រុមបាតុករ និងអ្នកគាំទ្ររដ្ឋាភិបាលទូទាំងប្រទេស បានវាយតប់គ្នាដោយដំបង និងកាំបិត ហើយកងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ។ បើយោងតាមចំនួនសរុបរបស់សារព័ត៌មាន AFP ដែលផ្អែកលើតួលេខរបស់នគរបាល មន្ត្រីរដ្ឋាភិបាល និងវេជ្ជបណ្ឌិត នៅតាមមន្ទីរពេទ្យនានា បានឲ្យដឹងថា អំពើហិង្សាក្នុងថ្ងៃនោះ បានធ្វើឲ្យចំនួនអ្នកស្លាប់សរុប គិតចាប់តាំងពីការតវ៉ាបានចាប់ផ្តើមនៅដើមខែកក្កដាមក ឡើងដល់យ៉ាងហោចណាស់ ៣០០នាក់៕