បើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃចន្ទ (ទី៥ ខែសីហា) នេះថា ប្រទេសរបស់ខ្លួនមិនមានបំណងបង្កើនភាពតានតឹងក្នុងតំបន់នោះឡើយ ប៉ុន្តែទទួលស្គាល់ថា ខ្លួនត្រូវតែផ្ដល់មេរៀនដល់អ៊ីស្រាអែល ដើម្បីការពារកុំឲ្យមានការបង្កអស្ថិរភាពបន្ថែមទៀត បន្ទាប់ពីមានការសម្លាប់លើមេដឹកនាំរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នៅក្នុងទីក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន។
អមដោយការបន្ថែមថា សកម្មភាពពីទីក្រុងតេអេរ៉ង់ គឺជៀសមិនរួចនោះ លោក Nasser Kanaani បាននិយាយថា៖ «អ៊ីរ៉ង់ចង់ឲ្យតំបន់មានស្ថិរភាព ប៉ុន្តែរឿងនេះនឹងកើតមានឡើងជាមួយការផ្ដល់មេរៀនដល់អ្នកឈ្លានពាន និងបង្កើតការរារាំងប្រឆាំងនឹងទង្វើមិនប្រុងប្រយ័ត្ននៃរបបស្យានីស (អ៊ីស្រាអែល)»។
មេបញ្ជាការកំពូលនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាម លោក Hossein Salami នៅថ្ងៃទី៥ ខែសីហានេះ បានរំលឹកឡើងវិញនូវការគំរាមកំហែងរបស់ក្រុមឥស្សរជននេះថា អ៊ីស្រាអែល «នឹងទទួលទណ្ឌកម្មក្នុងពេលដ៏សមរម្យណាមួយ»។
ទីក្រុងតេអេរ៉ង់ និងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដូចជាក្រុមហាម៉ាស និងក្រុមហេសបូឡាជាដើម បានចោទប្រកាន់អ៊ីស្រាអែលថា បានសម្លាប់ លោក Haniyeh កាលពីថ្ងៃទី៣១ ខែកក្កដា។ តែមន្ត្រីអ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវក្នុងការវាយប្រហារនេះទេ៕