បាតុកររាប់រយនាក់ នៅថ្ងៃចន្ទ (ទី៥ ខែសីហា) នេះ បាននាំគ្នាដើរដង្ហែឆ្លងកាត់ឆ្នេរ Lido នៃទីក្រុង Mogadishus ដើម្បីថ្កោលទោសការវាយប្រហារថ្ងៃទី២ ខែសីហា។
អ្នកចូលរួមដង្ហែក្បួនម្នាក់ ឈ្មោះ Khadijo Mohamed Ali បាននិយាយថា៖ «អ្វីដែលបានកើតឡើងនៅទីនេះ គឺជាការសម្លាប់រង្គាល ហើយវាជាគ្រោះមហន្តរាយជាតិ ហើយត្រូវតែមាននរណាម្នាក់ទទួលខុសត្រូវចំពោះហេតុការណ៍នេះ។ ខ្ញុំសូមណែនាំឲ្យយុវជនសូម៉ាលីទាំងអស់ប្រុងប្រយ័ត្ន ចំពោះអ្វីដែលកំពុងកើតឡើងនៅទីក្រុង Mogadishu។ យើងត្រូវតែការពារប្រទេសរបស់យើងពីសត្រូវបែបនេះ»។
គួរបញ្ជាក់ថា មានជនស៊ីវិលយ៉ាងហោចណាស់ ៣៧នាក់ ស្លាប់ និង ២១២នាក់បានរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានឆ្នេរដ៏ពេញនិយមមួយ លើឆ្នេរ Lido កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក។ នេះគឺជាការវាយប្រហារបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតច្រើនបំផុត នៅក្នុងប្រទេសនៃតំបន់ស្នែងអាហ្វ្រិក (Horn of Africa) គិត ចាប់តាំងពីមានការបំផ្ទុះរថយន្តចំនួន ២ នៅជិតផ្លូវបំបែកផ្សារដ៏មមាញឹកមួយ ក្នុងខែតុលា ឆ្នាំ២០២២ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ និងបណ្ដាលឲ្យរបួស ៣០០នាក់ផ្សេងទៀត។
មិនទាន់មានការអះអាងទទួលខុសត្រូវភ្លាមៗនៅឡើយទេពីក្រុម al Shabaab ដែលមានទំនាក់ទំនងនឹងក្រុមអាល់កៃដា ពោលគឺជាក្រុមដែលបានអះអាងការវាយប្រហារស្រដៀងគ្នា កាលពីអតីតកាល ក្នុងនោះរួមទាំងការវាយប្រហារដោយគ្រាប់បែកក្នុងរថយន្ត កាលពីឆ្នាំ២០២២ ផងដែរ៕