អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា សហរដ្ឋអាមេរិកកំពុងជំរុញប្រទេសផ្សេងទៀតតាមរយៈបណ្តាញការទូត ឱ្យប្រាប់អ៊ីរ៉ង់ថា ការកើនឡើងភាពតឹនតឹងនៅមជ្ឈិមបូព៌ាមិនស្ថិតក្នុងផលប្រយោជន៍របស់ពួកគេទេ។ប្រភពជាច្រើននិយាយថា អាមេរិក ជឿរថាអ៊ីរ៉ង់ អាចវាយប្រហារអ៊ីស្រាអែលក្នុងពេលចន្លោះពី២៤ទៅ៤៨ម៉ោង ។

រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បានហៅភាពតានតឹងខ្លាំងនៅពេលនេះថាជា "ពេលវេលាដ៏គ្រោះថ្នាក់" សម្រាប់តំបន់ ហើយនិយាយថា ទីក្រុងវ៉ាស៊ីនតោន "កំពុងចូលរួមក្នុងការទូតដ៏ខ្លាំងក្លា ស្ទើរតែ២៤ម៉ោង" ដើម្បីជួយសម្រាលភាពតានតឹង ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងថា អ៊ីរ៉ង់កំពុងត្រៀមវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីស្រាអែល។
លោក Blinken បាននិយាយក្នុងអំឡុងពេលពិធីចុះហត្ថលេខាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ក្នុងទីក្រុងវ៉ាស៊ីនតោនថា "ភាគីទាំងអស់ត្រូវតែជៀសវាងពីការដុតបញ្ឆេះឲ្យស្ថានភាពកាន់តែក្ដៅខ្លាំង" ។
លោកបានប្រាប់សមភាគីG7 របស់លោកថា "ភាគីទាំងអស់ត្រូវតែចាត់វិធានការដើម្បីបន្ធូរបន្ថយភាពតានតឹង។ ការកើនឡើងភាពតានតឹងនេះ មិនស្ថិតនៅក្នុងផលប្រយោជន៍របស់នរណាម្នាក់ទេ ផ្ទុយទៅវិញបានត្រឹមតែនាំឱ្យមានជម្លោះ អំពើហិង្សា និងអសន្តិសុខកាន់តែច្រើនទៀតប៉ុណ្ណោះ"។
មេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh ត្រូវបានគេធ្វើឃាតដោយមីស៊ីល នៅក្នុងរដ្ឋធានី តេអេរ៉ង់ របស់អ៊ីរ៉ង់កាលពីសប្តាហ៍មុន ជាការវាយប្រហារដែលទាក់ទាញការគំរាមកំហែងនៃការសងសឹកលើអ៊ីស្រាអែល និងជំរុញឱ្យមានការព្រួយបារម្ភបន្ថែមទៀតថាជម្លោះនៅតំបន់ហ្កាហ្សាកំពុងក្លាយជាសង្រ្គាមមជ្ឈិមបូព៌ាកាន់តែធំ៕