លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានត្រៀមសម្រាប់សង្រ្គាមគ្រប់ប្រភេទ ជាមួយអ៊ីរ៉ង់ និងក្រុមកងកម្លាំងប្រដាប់អាវុធតំណាងរបស់អ៊ីរ៉ង់ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានរៀបចំដើម្បីការពារអ៊ីស្រាអែលពីការវាយប្រហារតបតដែលរំពឹងទុកនិងទប់ស្កាត់ជម្លោះក្នុងតំបន់ដែលកាន់តែបំផ្លិចបំផ្លាញថែមទៀត។

ភាពតានតឹងបានកើនឡើងបន្ទាប់ពីសង្គ្រាមជិត១០ខែនៅហ្កាហ្សា និងការសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡានៅលីបង់ និងមេដឹកនាំនយោបាយកំពូលរបស់ក្រុមហាម៉ាសនៅអ៊ីរ៉ង់។ អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានបន្ទោសអ៊ីស្រាអែល និងគំរាមសងសឹក។ ក្រុមហាម៉ាស និយាយថា ខ្លួនបានចាប់ផ្តើមពិភាក្សាលើការជ្រើសរើសមេដឹកនាំថ្មី។

លោក Netanyahu បាននិយាយថា អ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូណាមួយ។ លោក Ayman Safadi រដ្ឋមន្ត្រីការបរទេសរបស់ហ្ស៊កដានី កំពុងជួបពិភាក្សាជាមួយអ៊ីរ៉ង់ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងការទូត លោកបាននិយាយថា "យើងចង់ឱ្យភាពតានតឹងនេះបញ្ចប់"។
មន្ត្រីសេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យ ៤ សីហា ថា សហរដ្ឋអាមេរិក កំពុងដាក់ពង្រាយកម្លាំងយោធាបន្ថែមនៅតំបន់មជ្ឈិមបូព៌ា បំណងកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។
ទីប្រឹក្សាសន្តិសុខជាតិរងសេតវិមានលោក Jon Finer បានប្រាប់សារព័ត៌មាន ABC ថា "យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីប្រាកដ ថាស្ថានភាពដ៏តានតឹងនេះនឹងមិនរីករាលដាល៕