ប្រណាំងរថយន្ត៖ កីឡាករប្រណាំង F1 ហ្វាំងឡង់ Valtteri Bottas នឹងក្លាយជាកីឡាកររបស់ក្រុម Alfa Romeo នៅរដូវកាលក្រោយ បន្ទាប់ពីការប្រកាសចូលនិវត្តន៍របស់ Kimi Raikkonen នៅដំណាច់រដូវកាលនេះ ហើយក៏ស្របពេលដែល Mercedes នឹងប្រកាសពីការចូលរួមរបស់ George Russell ជាដៃគូរបស់ Lewis Hamilton នៅរដូវកាលក្រោយផងដែរ។

Valtteri Bottas បាននិយាយថា គេពិតជាមានមោទនភាព និងស្កប់ចិត្តពីការរួមរស់ជាមួយក្រុមប្រណាំង Mercedes រហូតមកដល់ពេលនេះ។ តាំងពីចូលរួមជាមួយ Mercedes នៅឆ្នាំ ២០១៧ ជំនួសតំណែងរបស់ Nico Rosberg នោះ Valtteri Bottas បានយកឈ្នះសរុប ៥ទីលាន។ តែ Bottas បានត្រឹមជាតួរងប៉ុណ្ណោះក្នុងឋានៈនៅ Mercedes ខណៈ Lewis Hamilton នៅតែជាកីឡាករទី១ របស់ក្រុម។ ចំណែកក្រុមប្រណាំង Alfa Romeo មិនមែនជាក្រុមជោគជ័យ និងជាក្រុមដែលមានរថយន្តលឿននោះឡើយ ដោយពួកគេកំពុងឈរលេខ ៩ ក្រោយប្រកួតបាន ១៣ទីលានរដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ