ប្រមុខរដ្ឋអាជ្ញារបស់ប្រទេសបាននិយាយថា វេណេស៊ុយអេឡា កំពុងបើកការស៊ើបអង្កេតព្រហ្មទណ្ឌប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងតែជំទាស់លទ្ធផលឆ្នោតកាលពីខែមុន សម្រាប់ការញុះញង់នគរបាល និងមន្ត្រីយោធាឱ្យបំពានច្បាប់ ខណៈកងកម្លាំងសន្តិសុខបានកំណត់គោលដៅលើមនុស្សដែលពួកគេនិយាយថា បានប្រព្រឹត្តបទឧក្រិដ្ឋហិង្សាអំឡុងពេលការតវ៉ាការបោះឆ្នោតនាពេលថ្មីៗនេះ ដោយមនុស្សជាង ២.០០០នាក់ត្រូវបានចាប់ខ្លួន។

ការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក តារ៉េក សាអាប (Tarek Saab) បានធ្វើឡើងបន្ទាប់ពីលិខិតមួយច្បាប់ដែលបង្ហោះនៅលើបណ្តាញសង្គម X ដោយបេក្ខជនបក្សប្រឆាំង លោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) និងមេដឹកនាំ លោកស្រី ម៉ារៀ ខូរីណា ម៉ាឆាដូ (Maria Corina Machado) ដែលអំពាវនាវឱ្យកងកម្លាំងសន្តិសុខ «ឈរនៅខាងប្រជាជន» និងគោរពលទ្ធផលនៃការបោះឆ្នោតដែលថាខ្លួនជាអ្នកឈ្នះ។

ការអះអាងរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ដែលថាលោកបានឈ្នះអាណត្តិទី៣ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា បានបង្កឱ្យមានការតវ៉ាដ៏ខឹងសម្បារពីប្រជាជនវេណេស៊ុយអេឡា នៅទូទាំងប្រទេសកាលពីសប្តាហ៍មុន ដោយទាមទារឱ្យលោក Maduro ចុះចេញពីតំណែង ហើយគោរពជ័យជម្នះរបស់លោក Gonzalez។

កងកម្លាំងសន្តិសុខវេណេហ្ស៊ុយអេឡា បានចាប់ផ្តើមកំណត់គោលដៅជនល្មើសនៃឧក្រិដ្ឋកម្មដ៏ហិង្សា អំឡុងពេលការតវ៉ា នៅក្នុងប្រតិបត្តិការហៅក្រៅផ្លូវការថា «គោះទ្វារចាប់ខ្លួន» ដែលក្រុមតស៊ូមតិបាននិយាយថា បានធ្វើឱ្យអ្នកតវ៉ាមានការភ័យខ្លាច៕