តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (០៥ សីហា) បានច្រានចោលសំណើរបស់រដ្ឋ មីសួរី (Missouri) ដែលទាមទារឱ្យបញ្ឈប់ការកាត់ទោសនាពេលខាងមុខរបស់លោក Donald Trump ចំពោះសាលក្រមមានទោសរបស់លោកនៅទីក្រុងញូវយ៉ក លើបទចោទប្រកាន់ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិទមាត់ ហើយបានរក្សាដីកាបង្គាប់ដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា។

ការសម្រេចរបស់តុលាការនេះបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបណ្តឹងរបស់រដ្ឋ Missouri ដែលអះអាងថាករណីប្រឆាំងនឹងលោក Trump បានរំលោភលើសិទ្ធិអ្នកបោះឆ្នោតក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ក្នុងការស្តាប់ការថ្លែងពីបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ ខណៈពេលដែលលោកស្វះស្វែងរកតំណែងសេតវិមានឡើងវិញ។

ដីការបស់តុលាការកំពូលនេះមិនត្រូវបានចុះហត្ថលេខាទេ។ ចៅក្រមអភិរក្សនិយម លោក ឃ្លែរិន ថូម៉ាស (Clarence Thomas) និងលោក សាមូអែល អាលីតូ (Samuel Alito) បានបង្ហើបថានឹងទទួលករណីរបស់រដ្ឋ Missouri ប៉ុន្តែបានបន្ថែមថាពួកគេ «នឹងមិនផ្តល់ការអនុគ្រោះផ្សេងទៀតឡើយ»។
លោក Trump ត្រូវបានគេរកឃើញថាមានទោសកាលពីខែឧសភា ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ដើម្បីបំបិទមាត់តារាអាសអាភាសម្នាក់នៅមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០១៦ ជុំវិញទំនាក់ទំនងផ្លូវភេទរបស់ពួកគេ។ លោក Trump ដែលជាបេក្ខជនមកពីបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតឆ្នាំនេះ បានបដិសេធទំនាក់ទំនងនោះ ហើយបានប្តេជ្ញាប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រម បន្ទាប់ពីការកាត់ទោសរបស់លោកដែលគ្រោងនឹងធ្វើនៅខែកញ្ញា ខាងមុខនេះ៕