អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទ (០៥ សីហា) ថា បុគ្គលិក ៩នាក់នៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNWRA) ប្រហែលជាបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែល ហើយអ្នកទាំងអស់នោះត្រូវបានបណ្តេញចេញពីការងារ។

អ្នកនាំពាក្យ លោក ហ្វាហាន ហាក (Farhan Haq) បានប្រាប់សន្និសីទអង្គការសហប្រជាជាតិថា «មានភស្តុតាងគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថាបុរសប្រាំបួននាក់ ប្រហែលជាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅថ្ងៃទី០៧ នៃខែតុលា»។ លោកមិនបានផ្តល់ព័ត៌មានលម្អិតលើថាតើបានធ្វើអ្វីខ្លះក្នុងហេតុការណ៍នោះទេ។

លោក Haq បានលើកឡើងបែបនេះដោយសំដៅទៅលើការរកឃើញរបស់ការិយាល័យសេវាត្រួតពិនិត្យផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិ ដែលលោកនិយាយថាបានបញ្ចប់ការស៊ើបអង្កេតលើការចោទប្រកាន់ដែលថាមានការចូលរួមពីបុគ្គលិកទីភ្នាក់ងារ UNRWA ចំនួន ១៩នាក់ក្នុងការវាយប្រហារ ដោយពីរនាក់ក្នុងចំណោមនោះបានស្លាប់តាំងពីពេលនោះមក។

ភ្លាមៗបន្ទាប់ពីការប្រកាសរបស់អង្គការសហប្រជាជាតិ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក ណាដាវ សូសានី (Nadav Shoshani) បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ ទីភ្នាក់ងារ «សង្គ្រោះ» របស់អង្គការនេះបានធ្លាក់ដល់កម្រិតទាបថ្មីមួយជាផ្លូវការ ហើយនេះជាពេលដែលពិភពលោកមើលឃើញមុខពិតរបស់ទីភ្នាក់ងារនេះហើយ។ អ៊ីស្រាអែល បានបង្កើនការចោទប្រកាន់របស់ខ្លួនកាលពីខែមីនា ដោយនិយាយថាបុគ្គលិក UNRWA ជាង ៤៥០នាក់គឺជាអ្នកប្រតិបត្តិការយោធានៅក្នុងក្រុមភេរវករហ្កាហ្សា៕