របបសឹកមីយ៉ាន់ម៉ាបានបាត់បង់ការប្រាស្រ័យទាក់ទងជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួននៅឯមូលដ្ឋានយោធាដ៏សំខាន់មួយនៅជិតព្រំដែនប្រទេសចិនក្នុងការទទួលស្គាល់ដ៏កម្រមួយនៃការបរាជ័យក្នុងសមរភូមិ បន្ទាប់ពីក្រុមឧទ្ទាមបានប្រកាសថាពួកគេបានកាន់កាប់ទីបញ្ជាការកងទ័ពក្នុងតំបន់ដ៏សំខាន់។

ក្រុមឧទ្ទាមសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) ដែលបាននិយាយកាលពីថ្ងៃទី ២៥ ខែកក្កដាថា ខ្លួនបានកាន់កាប់មូលដ្ឋានមួយនេះ ប៉ុន្តែនៅតែបន្តការប្រយុទ្ធដើម្បីទទួលបានការគ្រប់គ្រងទាំងស្រុងនោះ បានបង្ហោះរូបថតកងទ័ពរបស់ខ្លួននៅឯបន្ទាយយោធាក្នុងក្រុងឡាសៀវ (Lashio) ភាគខាងជើងរដ្ឋសាន (Shan State)កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ។

អ្នកនាំពាក្យយោធាលោក ស មីន ទុន (Zaw Min Tun) បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា កងទ័ពរបបសឹក មិនអាចទាក់ទងមន្ត្រីមួយចំនួន មិនបញ្ចេញឈ្មោះនៅទីបញ្ជាការតំបន់ភាគឦសាន ដែលត្រូវបានឡោមព័ទ្ធបានទេ ក្រោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាច្រើនសប្តាហ៍នៅក្នុង និងជុំវិញទីក្រុងនេះ ។
លោកបាននិយាយនក្នុងសារជាសំឡេងដែលបង្ហោះនៅលើ Telegram ថា ត្រូវបានគេរកឃើញថាមន្ត្រីជាន់ខ្ពស់មួយចំនួនត្រូវបានចាប់ខ្លួន ដោយបន្ថែមថារបបយោធាកំពុងធ្វើការដើម្បីផ្ទៀងផ្ទាត់ស្ថានភាពនេះ។
ឧត្តមសេនីយកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ាស្ថិតនៅក្រោមសម្ពាធមិនធ្លាប់មាន រយៈពេលបីឆ្នាំ មកហើយ បន្ទាប់ពីកាន់កាប់រដ្ឋាភិបាលស៊ីវិលនៅក្នុងរដ្ឋប្រហារពេលព្រឹកព្រលឹម ថ្ងៃទី១កុម្ភៈឆ្នាំ២០២១ ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសនេះជាប់គាំង និងប្រទេសធ្លាក់ក្នុងភាពវឹកវរ ខណៈការបះបោរប្រដាប់អាវុធប្រឆាំងនឹងរបបសឹក ងើបឡើងកាន់តែខ្លាំង៕