កាលពីល្ងាចថ្ងៃចន្ទ ទី៥ ខែសីហា ការតវ៉ាបានរីករាលដាលដល់ទីក្រុង ផ្លីម៉ាត់ (Plymouth) នៅភាគនិរតីនៃចក្រភពអង់គ្លេស។
ក្រុមបាតុករប្រឆាំងអន្តោប្រវេសន៍រាប់រយនាក់បានគប់ដុំឥដ្ឋ និងដុតកាំជ្រួច ហើយបានប៉ះទង្គិចជាមួយនគរបាល។

ខណៈភាពចលាចលនៅតែបន្តជាច្រើនថ្ងៃ ក្រុមបាតុករស្តាំនិយមជ្រុលរាប់រយនាក់បានប៉ះទង្គិចជាមួយហ្វូងបាតុករប្រឆាំងការរើសអើងជាតិសាសន៍ និងនគរបាលនៅទីក្រុង ផ្លីម៉ាត់ ភាគនិរតីនៃចក្រភពអង់គ្លេសកាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ។
មនុស្សយ៉ាងហោចណាស់ ៧ នាក់ត្រូវបានចាប់ខ្លួនដោយនគរបាល ដែលព្យាយាមទប់ក្រុមទាំងពីរឱ្យនៅឆ្ងាយពីគ្នា។
ដោយត្រូវបានរៀបចំឡើងដោយក្រុមស្តាំនិយមជ្រុល រួមទាំងក្រុមប្រឆាំងមូស្លីម នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីផ្ញើសារ ក្រុមកុប្បកម្មបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងដែលចាប់ផ្តើមតាំងពីរសៀលថ្ងៃចន្ទ។

ក្រុមមួយទៀតដែលរៀបចំដោយវេទិកាប្រឆាំងការរើសអើងជាតិសាសន៍ ក៏បានប្រមូលផ្ដុំគ្នាតវ៉ានៅកណ្តាលទីក្រុងនេះផងដែរ។
នគរបាលជាច្រើននាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នារវាងភាគីទាំងពីរ ហើយរថយន្តនគរបាលមួយគ្រឿង ត្រូវបានរងការខូចខាត។
យោងតាមតួលេខចុងក្រោយ មនុស្សជាង ៤០០ នាក់ត្រូវបាននគរបាលចាប់ខ្លួនពីបទចូលរួមក្នុងកុបកម្មហិង្សានៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ហើយនាយករដ្ឋមន្ត្រី អង់គ្លេសក៏បានថ្កោលទោសការតវ៉ាដោយហិង្សានានាផងដែរ ក្រោយកុមារ៣នាក់ ត្រូវបានចាក់សម្លាប់នៅសាលាបង្រៀនរាំកាលពីកន្លងទៅថ្មីៗនេះ ៕