ចិន ឈ្នះមេដាយមាសពីរគ្រឿងបន្ថែមទៀត ដើម្បីឡើងមកគ្រងលំដាប់កំពូលតារាងជើងឯកអូឡាំពិកវិញ គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
កីឡាករ LI Yuehong បានបន្ថែមមេដាយមាសទី២០ឱ្យចិន ក្រោយឈ្នះការប្រកួតកីឡាបាញ់កាំភ្លើង វិញ្ញាសាកាំភ្លើងខ្លីបាញ់លឿន២៥ម៉ែត្របុរស។
កីឡាករកូរ៉េខាងត្បូង CHO Yeongjae ឈ្នះមេដាយប្រាក់។ ឯកីឡាករចិនមួយរូបទៀត WANG Xinjie ឈ្នះមេដាយសំរឹទ្ធ។
កីឡាករចិន ZOU Jingyuan ឈ្នះការប្រកួតកីឡាកាយសម្ព័ន្ធវិញ្ញាសារបាស្របបុរស។ កីឡាករអ៊ុយក្រែន KOVTUN Illia ឈ្នះមេដាយប្រាក់ និងOKA Shinnosukeមកពីជប៉ុនឈ្នះមេដាយសំរឹទ្ធ។
អាមេរិកឈ្នះមេដាយមាសបន្ថែមតែមួយគ្រឿងទៀតទេ បន្ទាប់ពីកីឡាការិនី ALLMAN Valarieឈ្នះវិញ្ញាសាចោលថាស។ ក្រៅពីនោះឈ្នះមេដាយប្រាក់វិញ្ញសាលោតកម្ពស់ប្រើថ្នោល កាយសម្ព័ន្ធវិញ្ញាសាលំហាត់កម្រាល និងកីឡាទ្រីអាត្លុង។
ម្ចាស់ផ្ទះបារាំង ឈ្នះមេដាយមាសមួយគ្រឿងទៀត ឡើងមកឈរលេខបីវិញ បន្ទាប់ពីកីឡាករ Kauli Vaast ឈ្នះមេដាយមាសកីឡាជិះក្តារបន្ទះលើទឹករលក។
អូស្ត្រាលីឈ្នះមេដាយមាសទី១៣ បន្ទាប់ពីកីឡាការិនី Noemie Fox ឈ្នះការប្រកួតកីឡាទូកកានូវិញ្ញាសាកាយ៉ាក្រូសនារី។
ចក្រភពអង់គ្លេសឈ្នះមេដាយមាសពីរបន្ថែម។ កីឡាការិនី Keely Hodgkinson មកដល់ទីព្រ័ត្រមុនគេប្រភេទកីឡាអត្តពលកម្មវិញ្ញាសារត់៨០០ម៉ែត្រនារី។ ចំណែកកីឡាជិះកង់ក្នុងសាល វិញ្ញាសាក្រុមនារី ចក្រភពអង់គ្លេស ឈ្នះមេដាយមាស។
កូរ៉េខាងត្បូង ដណ្តើមបាបមេដាយមាសលើប្រភេទកីឡាវាយសី។ ជប៉ុន ឈ្នះមេដាយមាសមួយគ្រឿងដែរ លើប្រភេទកីឡាកាយសម្ព័ន្ធវិញ្ញាសារបាដេកបុរស។
ប្រទេសផ្សេងទៀតដែលឈ្នះមេដាយមាសថ្ងៃប្រកួតទី១០ មានអ៊ីតាលី២គ្រឿង អាល្លឺម៉ង់២គ្រឿង ហូឡង់ ប្រេស៊ីល កេនយ៉ា ដាណឺម៉ាក ស៊ុយអែត និងនូវែលសេឡង់។
ចំណែកប្រទេសអាស៊ានឈ្នះមេដាយសរុប៦គ្រឿងហើយដោយហ្វីលីពីន មាស២គ្រឿង ថៃប្រាក់មួយគ្រឿង ម៉ាឡេស៊ីសំរឹទ្ធ២គ្រឿង និងឥណ្ឌូណេស៊ីសំរឹទ្ធ១គ្រឿង។
សម្រាប់ថ្ងៃប្រកួតទី១១ ៦ សីហា ២០២៤ កីឡាដែលត្រូវដណ្ដើមមេដាយមាន ជិះសេះ ទូកក្តោង លោតទឹក ស្តេតបត ចំបាប់ អត្តពលកម្ម ប្រណាំងកង់ក្នុងសាល និងប្រដាល់។ ព្រឹត្តិការណ៍អូឡាំពិកនឹងបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕




