បាល់ទាត់៖ ប្រធានសមាគមបាល់ទាត់អឺរ៉ុប UEFA លោក Alexander Ceferin បានបដិសេធចំពោះគំនិតដែលចង់ឱ្យរៀបចំ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជារៀងរាល់ពីរឆ្នាំម្តង ដោយនិយាយថាវានឹងធ្វើឱ្យព្រឹត្តិការណ៍បាត់បង់តម្លៃ។

FIFA នៅពេលនេះកំពុងសិក្សាពីលទ្ធភាពនៃការរៀបចំ World Cup ទាំងបុរស និងស្ត្រីជារៀងរាល់ពីរឆ្នាំម្តង បន្ទាប់ពីមានគំរោងសំណើពីសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតកាលពីខែឧសភា។ ការសិក្សានេះដឹកនាំដោយអតីតអ្នកចាត់ការ Arsenal លោក Arsene Wenger។ លោក Ceferin បាននិយាយថា តម្លៃនៃ World Cup ភាពរំភើបរីករាយគឺដោយសារភាពរង្វើល ភាពកម្ររបស់ព្រឹត្តិការណ៍ ហើយប្រសិន World Cup មាន ២ឆ្នាំម្តងតម្លៃវានឹងធ្លាក់ចុះទៅតាមនោះ។
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកតែងតែរៀបចំឡើងជារៀងរាល់ ៤ឆ្នាំម្តងតាំងពីបង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៣០ លើកលែងតែឆ្នាំ១៩៤២ និង ១៩៤៦ ដោយសារសង្គ្រាមលោកលើកទី២។ ចំណែក World Cup ផ្នែកនារីដែលបង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ នោះក៏ធ្វើឡើងជារៀងរាល់ ៤ឆ្នាំម្តងដែរ។ ជុំវិញមតិយោបល់ផ្សេងៗ គំរោងរៀបចំ World Cup និង Euro ២ឆ្នាំម្តងនោះបានទទួលការគាំទ្រ និងរិះគន់ប្រហាក់ប្រហែលគ្នា៕
អត្ថបទ៖នាង សុភាវុធ