សិស្សានុសិស្សបង្ហាញពីក្ដីសាទរ និងក្ដីមោទនភាពជាខ្លាំង ចំពោះការចាប់ផ្ដើមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី ៥ ខែសីហា ម្សិលម៉ិញ។ ក្ដីសាទរ និងក្ដីមោទនភាពនេះ ក៏ដោយសារពួកគេមើលឃើញពីអត្ថប្រយោជន៍ដ៏ធំធេងដែល កម្ពុជា នឹងទទួលបានក្រោយព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់។
រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទូទាំងប្រទេស បានបង្ហាញនូវការសាទរ គាំទ្រយ៉ាងក្លៀវក្លាចំពោះការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃម្សិលម៉ិញនេះ។ ការបើកការដ្ឋានសាងសង់គម្រោងដ៏ធំនេះ ត្រូវបានប្រសិទ្ធនាមថា ជាគម្រោងប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលពុំធ្លាប់មាន ។
សម្រាប់ការសាង់សង់ព្រែកជីកហ្វូណនតេជោនេះ សិស្សានុសិស្សសិក្សានៅវិទ្យាល័យ ហ៊ុនសែន តាខ្មៅ បានបង្ហាញនូវក្ដីមោទនភាពជាខ្លាំង។ មោទនភាព ដោយសារពួកគេមើលឃើញពីអត្ថប្រយោជន៍ធំធេង ដែលកម្ពុជានឹងទទួលបានក្រោយព្រែកជីកសាងសង់រួចរាល់។ ក្នុងនាមជាយុវជនផងដែរ ពួកគេចង់ឃើញសមិទ្ធផលដ៏ធំធេងមួយនេះ បញ្ចប់ការសាងសង់ឆាប់ៗ ហើយវានឹងក្លាយទៅជាសមិទ្ធផលសម្រាប់ប្រជាជនកម្ពុជាទាំងមូល។
ព្រែកជីកហ្វូណន តេជោ ជាគម្រោងក្រោមការផ្ដួចផ្ដើមដោយសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ ព្រែកជីកហ្វូណនតេជោ ចាប់ផ្ដើមសាងសង់ នៅក្នុងរាជរដ្ឋាភិបាលថ្មី នីតិកាលទី ៧ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីនៅថ្ងៃនេះដែរថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺធ្វើដើម្បីផលប្រយោជន៍ជាតិពិតប្រាកដ និងសូមឱ្យពលរដ្ឋរង់ចាំមើល ខណៈព្រែកជីកហ្វូណនតេជោនេះ គ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៨។
ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៍មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងធ្វើឱ្យប្រទេសកម្ពុជាពង្រឹងនូវឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក ដោយពុំចាំបាច់ការពឹងផ្អែកលើប្រទេសជិតខាង ហើយនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។
ព្រែកជីកហ្វូណនតេជោ ជាប្រព័ន្ធធារាសាស្ត្រ ដែលសាងសង់ ដោយឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ដោយមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។
ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នេះមានសន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ៕ អត្ថបទ៖ គឹម ហុក




