ខណៈពេលដែលប្រទេសកូរ៉េខាងត្បូង បន្តស៊ូទ្រាំនៅក្រោមកម្ដៅរដូវក្តៅកាលពីថ្ងៃចន្ទ (០៥ សីហា) ដែលមើលទៅអាចនឹងបំបែកកំណត់ត្រា ចំណងជើងធំៗនៃសារព័ត៌មានក្នុងប្រទេសចាប់ផ្ដើមប្រើឃ្លាដែលភាគច្រើនត្រូវបានបម្រុងទុកសម្រាប់ការពិពណ៌នាអំពីកម្ដៅខ្ពស់បំផុត។

សារព័ត៌មានមួយបាននិយាយកាលពីថ្ងៃអាទិត្យថា៖ «ប្រទេសមួយនេះក្ដៅក្នុខ្លាំងដូចក្នុងចង្ក្រានចំហុយ»។ ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានលើកឡើងថា៖ «ប្រទេសនៅតែបន្តឆេះខ្លោចដោយសាររលកកម្ដៅទាំងថ្ងៃ ទាំងយប់»។
ចាប់តាំងពីរដូវខ្យល់មូសុងនៃរដូវក្តៅបានបញ្ចប់នៅថ្ងៃទី២៤ ខែកក្កដាមក កូរ៉េខាងត្បូង បាននិងកំពុងរងគ្រោះនៅក្រោមរលកកម្ដៅ ដោយអាជ្ញាធរចេញការព្រមានសម្រាប់ប្រទេសទាំងមូល លើកលែងតែចំណុចខ្ពស់បំផុតរបស់ខ្លួនគឺភ្នំ ហាឡាសាន (Hallasan) នៅកោះ ជេជូ (Jeju)។ នៅពេលដែលសីតុណ្ហភាពកើនឡើងខ្លាំងបំផុតនៅថ្ងៃទី០៣ និងទី០៤ ខែសីហា មានសេចក្តីរាយការណ៍អំពីការដាច់ចរន្តអគ្គិសនី និងការរំខានការផ្គត់ផ្គង់ទឹក ខណៈដែលតម្រូវការប្រើប្រាស់កើនឡើងខ្លាំង។
កាលពីថ្ងៃចន្ទ សីតុណ្ហភាពបានកើនឡើងដល់ ៤០អង្សារសេក្នុងទីក្រុង យូជូ (Yeoju) ក្បែរទីក្រុងសេអ៊ូល ជាលើកដំបូងចាប់តាំងពីខែសីហា ឆ្នាំ២០១៨មក ដែលសីតុណ្ហភាពនៅប្រទេសនេះឡើងលើស ៤០អង្សាសេ។ រដូវក្តៅដ៏ខ្លាំងបំផុតដែលកូរ៉េខាងត្បូង ធ្លាប់មើលឃើញនាពេលកន្លងមកគឺនៅឆ្នាំ២០១៨ នៅពេលដែលសីតុណ្ហភាពឡើងដល់ ៤១អង្សាសេ ត្រូវបានកត់ត្រាក្នុងទីក្រុង ហុងឈុន (Hongcheon) នៅភាគខាងកើតនៃទីក្រុងសេអ៊ូល៕