អ្នករៀបចំការតវ៉ាដ៏សំខាន់របស់និស្សិតនៅប្រទេសបង់ក្លាដែស បាននិយាយថា ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក មូហាម៉េដ យូនើស (Muhammad Yunus) គឺជាជម្រើសរបស់ពួកគេជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីកាន់អំណាចដ៏យូរ លោកស្រី សេក ហាស៊ីណា (Sheik Hasina) បានលាលែងពីតំណែង។

ប្រធានាធិបតីមានតែឈ្មោះរបស់ប្រទេស និងប្រមុខយោធាបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបណ្តោះអាសន្នមួយនឹងត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗ។ លោក ណាហ៊ីដ អ៊ីស្លាម (Nahid Islam) ដែលជាអ្នករៀបចំការតវ៉ា បានបង្ហោះវីដេអូនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយនិយាយថា បណ្ដាមេដឹកនាំបាតុកម្មរបស់និស្សិតបានពិភាក្សារួចហើយជាមួយលោក Yunus ដែលបានយល់ព្រមកាន់អំណាចបណ្ដោះអាសន្ន ដោយសារស្ថានភាពបច្ចុប្បន្នរបស់ប្រទេស។

លោក Yunus បានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនពីអំពើពុករលួយ ហើយត្រូវបានកាត់ទោសក្នុងអំឡុងការគ្រប់គ្រងរបស់លោកស្រី Hasina ។ លោកបានទទួលរង្វាន់ណូបែលក្នុងឆ្នាំ២០០៦ បន្ទាប់ពីបានត្រួសត្រាយលើការផ្តល់ប្រាក់កម្ចីខ្នាតតូចក្នុងប្រទេស ហើយលោកបាននិយាយថា ការចោទប្រកាន់ពុករលួយប្រឆាំងនឹងខ្លួនត្រូវបានជំរុញដោយការសងសឹក។

ការចាកចេញរបស់លោកស្រី Hasina បានគំរាមកំហែងថានឹងបង្កើតអស្ថិរភាពកាន់តែខ្លាំងឡើងនៅក្នុងប្រជាជាតិអាស៊ីខាងត្បូងមួយនេះ ដែលប្រជាជនជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិជាបន្តបន្ទាប់ រាប់ចាប់ពីអត្រាអត់ការងារធ្វើខ្ពស់ អំពើពុករលួយ រហូតដល់បម្រែម្រួលអាកាសធាតុ៕