ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាឃ្មូដ អាបាស (Mahmoud Abbas) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ី RIA នៅមុនទស្សនកិច្ចដែលរំពឹងទុកទៅកាន់ទីក្រុងមូស្គូ ថា ការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) មានបំណងអូសបន្លាយជម្លោះតំបន់ហ្កាហ្សា ដោយបន្ថែមថាលោកនឹងពិភាក្សាអំពីវិបត្តិក្នុងតំបន់ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងមូស្គូ។

RIA ដកស្រង់ប្រភពការទូតមួយដោយនិយាយថា លោក Abbas នឹងទៅបំពេញទស្សនកិច្ចដែលរំពឹងទុកជាយូរមកហើយនៅទីក្រុងមូស្គូ នៅថ្ងៃទី ១២-១៤ ខែសីហា ខាងមុខនេះ។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA នៅថ្ងៃអង្គារ (០៦ សីហា) នេះ លោក Abbas និយាយថា លោកចាត់ទុកការធ្វើឃាតលោក Haniyeh ថាជាទង្វើដ៏កំសាក និងជាដំណើរដ៏គ្រោះថ្នាក់នៅក្នុងនយោបាយអ៊ីស្រាអែល។

លោក Abbas ក៏បានប្រាប់ RIA ថាតំបន់ហ្កាហ្សាស្រ្ទីប ត្រូវតែផ្ទេរទៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីនដោយស្របច្បាប់។ លោកបានបន្តថា៖ «យើងប្រឆាំងដាច់ខាតចំពោះផែនការរបស់អ៊ីស្រាអែលដែលផ្តល់នូវដំណោះស្រាយបណ្តោះអាសន្នមួយចំនួន»។
លោក Haniyeh ដែលជាមេដឹកនាំនយោបាយនៃក្រុមហាម៉ាស ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ កាលពីសប្តាហ៍មុន ក្នុងការវាយប្រហារដែលទាក់ទាញការគំរាមកំហែងសងសឹកលើអ៊ីស្រាអែល និងជំរុញឱ្យមានការបារម្ភថាជម្លោះហ្កាហ្សា កំពុងក្លាយជាសង្រ្គាមមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ៕