លោកស្រី Kamala Harris នឹងបង្ហាញឈ្មោះបេក្ខភាពអនុប្រធានាធិបតីរបស់ខ្លួននៅថ្ងៃអង្គារ (០៦ សីហា) នេះ ដែលជាការសម្រេចចិត្តដ៏សំខាន់លើកដំបូងរបស់លោកស្រីក្នុងនាមជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ និងជាជំហានមួយទៀតក្នុងដំណើរប្រជែងតំណែងសេតវិមានក្នុងខែវិច្ឆិកា។

លោកស្រី Harris ដែលជាស្ត្រីដំបូងគេ និងជាជនជាតិស្បែកខ្មៅ និងអាស៊ីខាងត្បូងដំបូងគេដែលកាន់តំណែងជាអនុប្រធានាធិបតីអាមេរិកនោះ បានបង្រួមបញ្ជីឈ្មោះបេក្ខភាពអនុប្រធានាធិបតីរបស់ខ្លួនត្រឹមអភិបាលរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) លោក ចស សាភីរ៉ូ (Josh Shapiro) និងអភិបាលរដ្ឋ មីនណេសូថា (Minnesota) លោក ធីម វ៉លស៍ (Tim Walz) នេះបើតាមប្រភពនានាបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ បន្ទាប់ពីបានពិចារណាលើបញ្ជីឈ្មោះដ៏ច្រើន។

មន្ត្រីយុទ្ធនាការម្នាក់បាននិយាយថា មិនមានការបង្ហើបណាមួយពីជម្រើសបេក្ខភាពអនុប្រធានាធិបតីពិតប្រាកដទេនៅយប់ថ្ងៃចន្ទ ដោយលោកស្រី Harris មិនបានប្រាប់ពីដៃគូប្រជែងតំណែងដែលខ្លួនពេញចិត្តឡើយ។

លោកស្រី Harris ដែលត្រូវគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យប្រកាសថាទទួលបានការតែងតាំងជាផ្លូវការនោះ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាមួយដៃគូប្រជែងតំណែងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Philadelphia នៅល្ងាចថ្ងៃអង្គារនេះ។
ការជ្រើសរើសបេក្ខភាពអនុប្រធានាធិបតីរបស់លោកស្រីនឹងបង្ហាញពីជម្រើសដ៏ល្អបំផុតរបស់ខ្លួនក្នុងការឈ្នះតំណែងប្រធានាធិបតី ហើយបង្ហាញថាអ្នកណាដែលលោកស្រីជឿជាក់ថានឹងធ្វើជាដៃគូគ្រប់គ្រងដ៏មានប្រសិទ្ធភាព បើលោកស្រីឈ្នះឆ្នោត៕