ស្វាយរៀង ៖ កម្មករ និយោជិត ព្យួរការងារតាមប្រព័ន្ធស្វយ័តប្រវត្តិកម្ម ដោយវិបត្តិជំងឺកូវីដ–១៩ នៅស្វាយរៀង បានទទួលសារបើកសាច់ប្រាក់ពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លារ រួចរាល់ហើយ ខណៈដែលកម្មករនិយោជិត ជាង៣ពាន់នាក់ផ្សេងទៀត និងបន្តបើកក្រោយពេលដែលមន្ត្រីមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងថៅកែរោងចក្រ ធ្វើលិខិតបែបបទរួច ។
លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែកញ្ញាម្សិលមិញ បានបញ្ជាក់ថា នៅក្នុងវិបត្តិជម្ងឺកូវីដ១៩ គួបផ្សំទៅ និងខ្វះអ្នកបញ្ជាទិញទំនិញក្នុងរយះពេលប៉ុន្មានខែនេះ នៅទូទាំងខេត្ត ថៅកែរោងចក្រ សហគ្រាស បានទទួលសិទ្ធិ និងដាក់អោយកម្មករ និយោជិត ព្យួរការងារតាមប្រព័ន្ធស្វយ័តប្រវត្តកម្ម ដោយទទួលសាច់ប្រាក់ពីរោងចក្រ សហគ្រាស ចំនួន៣០ដុល្លារ និង៤០ ដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា មានចំនួន២០ក្រុមហ៊ុនស្នើនិង៦១លើក គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ដែលក្រុមកម្មករ និយោជិតបានសម្រាកពីការងារមានចំនួន ១៨ ពាន់ ២៥៨ នាក់ ។
លោក បន្តថា នៅក្នុងចំណោមកម្មករ និយោជិត សម្រាកការងារ ចំនួន ១៨ពាន់២៥៨នាក់ នៅតាមរោងចក្រ សហគ្រាស ចំនួន២០ ស្មើនិង៦១លើក ដែលថៅកែបានសុំព្យួរការងារតាមប្រព័ន្ធស្វយ័តប្រវត្តកម្ម រហូតមកដល់ពេលនេះ មន្ទីរបានទទួលសារពីរាជរដ្ឋាភិបាល ស្តីពីការ ផ្តល់សាច់ប្រាក់បើកជូនកម្មករ មានចំនួន១៣ ក្រុមហ៊ុនស្មើនិង៦១លើក មានកម្មករនិងយោជិត ត្រូវបានបើកសាច់ប្រាក់ចំនួន៤០ដុល្លារ ចំនួន ១៤ពាន់៨១៣នាក់ ។
ទាក់ទងទៅនិងកម្មករ និយោជិត ដែលសម្រាកការងារហើយមិនទាន់បានបើកសាច់ប្រាក់ពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លារ ជាង៣ពាន់នាក់ផ្សេងទៀតនោះ បើតាមការបានបញ្ជាក់របស់លោកប្រធានមន្ទីរ បានឲ្យដឹងថា ក្រុមកម្មករ និយោជិត ទាំងនោះបច្ចុប្បន្ន ក្រុមការងារមន្ទីរ និងថៅកែរោងចក្រកំពុងតែធ្វើបែបបទផ្តល់ទៅផ្នែកពាក់ព័ន្ធដើម្បីសម្របសម្រួល និងបន្តបើកជូនក្រុមគាត់នៅពេលក្រោយ ។
ស្វាយរៀងជាខេត្តដែលរាជរដ្ឋាភិបាលបានបង្កើតអោយមានតំបន់សេដ្ឋកិច្ចពិសេសនៅឆ្នាំ២០០៥ រហូតមកដល់ពេលនេះ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៨តំបន់កំពុងដំណើរការផលិតទំនិញក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង១១តំបន់ បើទោះជាមានវិបត្តិ ជម្ងឺកូវីដ១៩ បានផ្ទុះនៅក្នុងពិភពលោ ក តែខ្សែសង្វាក់ផលិតកម្ម របស់កម្មករ ទាំងជាង៦ម៉ឺននាក់ដែលកំពុងបន្តការងាររបស់ខ្លួនដដែល ខណៈដែលកម្មករតែជាង ១ម៉ឺននាក់ប៉ុណ្ណេះ ដែលត្រូវបានថៅកែដាក់អោយទំនេរពីការងារដោយបើកប្រាក់ពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លារ និង៣០ដុល្លារ ពីថៅកែរោងចក្រ៕
អត្ថបទ ៖ ភា សារិត


