គេហទំព័រ Axios ដែលបានដកស្រង់សម្តីមន្ត្រីអាមេរិក បានឲ្យដឹងថា ចារកម្មអាមេរិក ប៉ាន់ស្មានថា នឹងមានសេណារីយោដែលពាក់ព័ន្ធនឹងរលកនៃការវាយប្រហារពីរ ទៅលើអ៊ីស្រាអែល។
យោងតាមប្រភពដែលដឹងពីខ្លឹមសារនៃជំនួបរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងលោកស្រី អនុប្រធានាធិបតី Kamala Harris ជាមួយក្រុមសន្តិសុខជាតិ នៅសេតវិមាន ចារកម្ម បានរាយការណ៍ថា រលកនៃការវាយប្រហារមួយ ត្រូវបានរំពឹងទុកពីប្រទេសអ៊ីរ៉ង់ និងមួយទៀតមកពីក្រុមហេសបូឡា។
គេហទំព័រនេះ បានសរសេរថា៖«មន្ត្រីអាមេរិកម្នាក់ បាននិយាយថា ការស៊ើបការណ៍សម្ងាត់ បង្ហាញពីការឆ្លើយតបរបស់អ៊ីរ៉ង់ ហើយក្រុមហេសបូឡា នៅតែជា «ការងារកំពុងដំណើរការ» ហើយអ្នកទាំងពីរ មិនទាន់សម្រេចចិត្តថាតើពួកគេចង់ធ្វើអ្វីពិតប្រាកដទេ»។
ស្ថានការណ៍នៅមជ្ឈិមបូព៌ា មានការកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនៃចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស បានវាយប្រហារចូលទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ អមដោយការសម្លាប់អ្នករស់នៅតាមព្រំដែននិងការចាប់ចំណាប់ថ្នូរ។ ស្ថានការណ៍ បានកើនឡើងយ៉ាងខ្លាំងជាថ្មីម្តងទៀត បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស អ៊ីស្មេល ហានីយេ (Ismail Haniyeh) នៅក្រុងតេអេរ៉ង់ និងមេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡា លោក Fuad Shukr នៅទីក្រុងបេ រូត។ ក្រុមហាម៉ាស និងក្រុមហេសបូឡា បានបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់នេះ ហើយបានព្រមានថា ពួកគេនឹងមិនទុកវាចោល ដោយគ្មានការឆ្លើយតបឡើយ។