សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានអំពាវនាវទៅកាន់ប្រទេសកូរ៉េខាងជើងឲ្យបញ្ឈប់វិធានការ «បង្កហេតុ» និង «ឥតបានការ» ហើយត្រឡប់ទៅការចរចាវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួនបានរៀបចំពិធីមួយកាលពីចុងសប្តាហ៍សម្រាប់ការប្រគល់មីស៊ីលតាក់ទិចថ្មីចំនួន ២៥០ដើម ទៅឲ្យអង្គភាពយោធាជួរមុខ។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើការអំពាវនាវនេះ ខណៈដែលទីភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃចន្ទថា មេដឹកនាំលោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីប្រគល់មីស៊ីលទាំងនេះ ដែលខ្លួនបានចាត់ទុកថា ជាអាវុធ «ការវាយប្រហារដ៏សំខាន់ថ្មី» ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«យើងនឹងលើកទឹកចិត្តឲ្យកូរ៉េខាងជើង ឈប់ធ្វើសកម្មភាពបង្កហេតុ និងឥតបានការ ហើយត្រឡប់ទៅរកតុចរចាវិញ»។
ការព្រួយបារម្ភអំពីការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង បានបន្តកើតមានក្នុងអវត្តមានការទូតដ៏មានអត្ថន័យ យ៉ាងហោចណាស់ ដើម្បីទប់ស្កាត់ការកំរាមកំហែងទាំងនោះ បើទោះបីជាទីក្រុងវ៉ាស៊ីនតោន បានបដិសេធម្តងហើយម្តងទៀតក្នុងការជួបជាមួយកូរ៉េខាងជើង ដោយគ្មានបុរេលក្ខខណ្ឌក៏ ដោយ។
នៅពេលសួរអំពីលទ្ធភាពដែលទីក្រុងព្យុងយ៉ាងធ្វើតេស្ដនុយក្លេអ៊ែរ លោក Miller បាននិយាយថា ខ្លួនមិនមានការវាយតម្លៃណាមួយ ដើម្បីធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។