រដ្ឋចំនួន៥ របស់សហរដ្ឋអាមេរិក បានផ្ញើលិខិតចំហមួយ កាលពីថ្ងៃចន្ទ (ទី៥ ខែសីហា) ទៅកាន់លោក Elon Musk ដោយជំរុញឲ្យលោកជួសជុលកែលម្អវេទិកាប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI Chatbot) របស់បណ្ដាញសង្គម X បន្ទាប់ពីកម្មវីធីនេះបានចែករំលែកតនូវព័ត៌មានមិនពិត អំពីការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ។
លិខិតនេះកើតឡើងនៅពេលដែលអ្នកស្រាវជ្រាវបង្ហាញការព្រួយបារម្ភថា គេហទំព័រដ៏មានឥទ្ធិពលដែលពីមុនមានឈ្មោះថា Twitter នោះ គឺជាកន្លែងក្តៅដ៏គគុកនៃការផ្ដល់ព័ត៌មានមិនពិតផ្នែកនយោបាយ ខណៈដែលលោក Musk ដែលជាអ្នកគាំទ្រចំពោះលោក Donald Trump ហាក់ដូចជាមានឥទ្ធិពលលើអ្នកបោះឆ្នោត នៅមុនការបោះឆ្នោតខែវិច្ឆិកា ដោយការផ្សព្វផ្សាយរឿងរ៉ាវមិនពិត នៅលើគណនីផ្ទាល់ខ្លួនរបស់លោក ដែលមានអ្នកតាមដានជិត ១៩៣លាននាក់។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី លោក Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែងកៅអីសេតវិមាន កាលពីខែមុន ហើយបានគាំទ្រអនុប្រធានាធិបតី គឺលោកស្រី Kamala Harris ជាបេក្ខជនតំណាងឲ្យគណបក្សប្រជាធិបតេយ្យ កម្មវិធីបច្ចេកវិទ្យា Chatbot ដែលមានឈ្មោះថា Grok បានបង្កើតនូវព័ត៌មានមិនពិត អំពីកាលបរិច្ឆេទនៃការបោះឆ្នោត ដែលក្រោយមកត្រូវបានធ្វើឲ្យរាលដាលដោយវេទិកាផ្សេងទៀត។
លិខិតនោះបានរៀបរាប់ថា៖ «យើងកំពុងអំពាវនាវឲ្យអ្នកអនុវត្តការផ្លាស់ប្តូរភ្លាមៗ ចំពោះកម្មវិធីឈ្មោះ Grok ដើម្បីធានាថា អ្នកបោះឆ្នោតមានព័ត៌មានត្រឹមត្រូវ នៅក្នុងឆ្នាំបោះឆ្នោតដ៏សំខាន់នេះ»។
លិខិតនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីប្រចាំរដ្ឋ Minnesota, Pennsylvania, Michigan, Washington និង New Mexico។ នៅក្នុងរដ្ឋមួយចំនួនរបស់អាមេរិក មន្ត្រីទាំងនេះទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យការបោះឆ្នោត។ បណ្ដាញសង្គម X មិនបានឆ្លើបតបនោះឡើយ សម្រាប់ការសុំការអត្ថាធិប្បាយពីសារព័ត៌មាន AFP៕