ក្រុមហ៊ុន Meta បានសុំអភ័យទោស នៅថ្ងៃអង្គារ (ទី៦ ខែសីហា) ចំពោះការលុបចោលការបង្ហោះលើបណ្ដាញសង្គមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយខុសឆ្គង ដែលនៅក្នុងការបង្ហោះនោះ លោកបានចូលរួមរំលែកទុក្ខ ចំពោះមន្ត្រីក្រុមហាម៉ាស ក្រោយការធ្វើឃាតលើមេដឹកនាំក្រុម លោក Ismail Haniyeh។
អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុន Meta មានការសោកស្តាយចំពោះ «កំហុសប្រតិបត្តិការ» ដោយបន្ថែមថា ខ្លឹមសារ ត្រូវបានធ្វើឲ្យមានឡើងវិញ ដោយ «កែតម្រូវស្លាកសញ្ញាព័ត៌មានត្រឹមត្រូវ»។
គួរបញ្ជាក់ថា បណ្ដាញសង្គមកម្រិតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចាត់តាំងក្រុមហាម៉ាស ដែលជាចលនាអ៊ិស្លាមនិយមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សាថា ជា «អង្គការដ៏គ្រោះថ្នាក់» និងហាមឃាត់ខ្លឹមសារសរសើរក្រុមនេះ។ បណ្ដាញសង្គមនេះ ប្រើកម្មវិធីលុបចោលស្វ័យប្រវត្តិ ដើម្បីលុបខ្លឹមសារ ឬរូបភាពរូបភាពក្រាហ្វិកនានា។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar បានបង្ហោះនៅលើបណ្ដាញ Facebook និង Instagram កាលពីថ្ងៃទី៣១ ខែកក្កដា នូវវីដេអូថតទុកនៃការសន្ទនាតាមទូរសព្ទរបស់លោកជាមួយមន្ត្រីហាម៉ាស ដើម្បីចូលរួមរំលែកទុក្ខ ចំពោះការស្លាប់របស់លោក Haniyeh។ ហើយលោកក៏បានបង្ហោះផងដែរនូវរូបភាពពីការជួបចុងក្រោយរបស់លោកជាមួយលោក Haniyeh នៅប្រទេសកាតា ក្នុងខែឧសភា អមដោយសាររំលែកទុក្ខ៕