សារព័ត៌មាន Bloomberg News បានដាក់វិន័យអ្នកសារព័ត៌មានជាច្រើននាក់ ជុំវិញការរំលោភលើបម្រាម កាលពីសប្តាហ៍មុន ដែលមានជាប់ពាក់ព័ន្ធនឹងការដោះដូរអ្នកទោសដ៏ធំ ជាអ្វីដែលនិពន្ធនាយកជាន់ខ្ពស់របស់សារព័ត៌មាននេះ បាននិយាយថា ជា «ការបំពានយ៉ាងជាក់ស្ដែងលើស្តង់ដារវិចារណកថា»។
លោក John Micklethwait ដែលជានិពន្ធនាយករបស់ការិយាល័យព័ត៌មាន បានឲ្យដឹងនៅក្នុងអ៊ីម៉ែល (សារអេឡិចត្រូនិក) ផ្ញើទៅកាន់បុគ្គលិករបស់ខ្លួនថា សារព័ត៌មាន Bloomberg បានដាក់វិន័យដល់បុគ្គលមួយចំនួន បន្ទាប់ពីមានការស៊ើបអង្កេតដោយអ្នកកែសម្រួលស្តង់ដាររបស់ស្ថាប័ន អំពីរបៀបនៃការរំលោភបំពានលើការហាមឃាត់ដែលកំណត់ដោយរដ្ឋបាលរបស់លោក Joe Biden។
លោកបានប្រាប់ថា សារព័ត៌មាន Bloomberg នឹង «ពិនិត្យមើលដំណើរការនេះ ដើម្បីធានាថា កំហុសឆ្គងបែបនេះ មិនកើតឡើងម្តងទៀត»។ តែយ៉ាងណា អ៊ីម៉ែលនោះមិនបានបញ្ជាក់ថា តើវិធានការដាក់វិន័យនោះជាអ្វី ឬបុគ្គលរូបណាមានពាក់ព័ន្ធនឹងនោះឡើយ។
គួរបញ្ជាក់ថា សារព័ត៌មាន Bloomberg បានចេញផ្សាយអត្ថបទមួយ នៅវេលាម៉ោង ៧:៤១ព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃទី១ ខែសីហា ដោយមានរៀបរាប់យ៉ាងលម្អិត អំពីការដោះដូរអ្នកទោសដ៏ស្មុគស្មាញដែលនាំឲ្យមានការដោះលែងលោក Evan Gershkovich ដែលជាអ្នកសារព័ត៌មានរបស់សារព័ត៌មាន The Wall Street Journal និងអ្នកផ្សេងទៀតជាច្រើនរូប។
បណ្ដាញសារព័ត៌មានជាច្រើនរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមទាំង The New York Times ផងដែរ បានដឹងព័ត៌មានលម្អិតអំពីការដោះដូរអ្នកទោសពីមន្ត្រីរដ្ឋាភិបាលអាមេរិក មុនពេលកិច្ចការនោះកើតឡើង ក្រោមលក្ខខណ្ឌថា អង្គភាពទាំងនោះមិនអាចផ្សព្វផ្សាយព័ត៌មាននេះបានទេ រហូតទាល់តែអ្នកទោស បានរួចផុតពីការឃុំខ្លួនក្នុងមន្ទីរឃុំឃាំង ទាំងនៅរុស្ស៊ី និងសហរដ្ឋអាមេរិកដោយសុវត្ថិភាព៕