ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី៥ ខែសីហា) បានប្រាប់ឲ្យដឹងថា ខ្លួនបានទាក់ទងជាមួយប្រទេសប្រេស៊ីល ម៉ិកស៊ិក និងកូឡុំប៊ី ជុំវិញយុទ្ធសាស្ត្រ ស្ដីពីប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីមាននូវការបោះឆ្នោតដ៏ចម្រូងចម្រាស។
រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល ក៏ដូចជាប្រទេសកូឡុំប៊ី និងម៉ិកស៊ិកដែរ បានអំពាវនាវឲ្យមានការចេញផ្សាយនូវលទ្ធផលបោះឆ្នោតទាំងស្រុង បន្ទាប់ពីបញ្ចប់ការបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី២៨ ខែកក្កដា។
ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធររៀបចំការបោះឆ្នោតរបស់វេណេស៊ុយអេឡា មិនបានធ្វើដូច្នេះឡើយ ខណៈដែលខ្លួនបានប្រកាសថា ប្រធានាធិបតី លោក Nicolas Maduro ឈ្នះការបោះឆ្នោតនេះ ដែលជាការជាប់ឆ្នោតឡើងវិញអាណត្តិទី៣។
កាលពីសប្តាហ៍មុន មន្ត្រីអាមេរិកបាននិយាយថា ដំណើរការមិនយុត្តិធម៌នៃការបោះឆ្នោតនេះ បានធ្វើឲ្យលែងមាននូវ «ភាពជឿជាក់ណាមួយ» ជុំវិញការអះអាងរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro អំពីជ័យជម្នះ ក្នុងការជាប់ឆ្នោតឡើងវិញ ហើយទីក្រុងវ៉ាស៊ីនតោន បានទុកឲ្យទ្វារបើកចំហ សម្រាប់ការដាក់ទណ្ឌកម្មថ្មីលើប្រទេសសមាជិករបស់អង្គការ OPEC មួយនេះ៕