ប្រធានាធិបតីបង់ក្លាដែស បានសម្រេចរំលាយសភា នៅថ្ងៃអង្គារ (ទី៦ ខែសីហា) នេះ ដោយបើកផ្លូវឲ្យមានការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដែលការសម្រេចបែបនេះកើតមានឡើងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina បានលាលែងពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេស ក្រោយមានការបង្ក្រាបដោយហិង្សាលើការបះបោរដែលដឹកនាំដោយនិស្សិត។
ហើយជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី លោក Mohammed Shahabuddin ក៏បានឲ្យដឹងផងដែរថា គូប្រជែងរបស់លោកស្រី Hasina គឺប្រធានគណបក្សជាតិនិយមបង់ក្លាដែស (BNP) លោកស្រីអតីតនាយករដ្ឋមន្ត្រី Begum Khaleda Zia ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះ។
ក្រុមបាតុករនិស្សិត បានគំរាមធ្វើបាតុកម្មបន្ថែមទៀត ប្រសិនបើសភាមិនត្រូវបានរំលាយទេនោះ។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំជាមួយប្រមុខកងកម្លាំងការពារជាតិ មេដឹកនាំគណបក្សនយោបាយ មេដឹកនាំនិស្សិត និងតំណាងសង្គមស៊ីវិលមួយចំនួន។
គួរបញ្ជាក់ថា ការធ្វើដំណើរតាមឧទ្ធម្ភាគចក្ររបស់លោកស្រី Hasina កាលពីថ្ងៃចន្ទ (ទី៥ ខែសីហា) បានន័យថា អាណត្តិទី២ រយៈពេល ១៥ឆ្នាំរបស់លោកស្រី ត្រូវបានបញ្ចប់។ លោកស្រីបានគ្រប់គ្រងប្រទេស ២០ឆ្នាំ ក្នុងចំណោមរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ដោយបានទទួលមរតកចលនានយោបាយពីឪពុករបស់លោកស្រី ដែលជាស្ថាបនិករដ្ឋ គឺលោក Mujubur Rahman ដែលត្រូវបានធ្វើឃាតនៅឆ្នាំ១៩៧៥។
ប្រមុខកងទ័ពបង់ក្លាដែស លោកឧត្តមសេនីយ Waker-Uz-Zaman គ្រោងនឹងជួបមេដឹកនាំនិស្សិត ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ដែលត្រូវបានគេរំពឹងថា នឹងមានរៀបចំការបោះឆ្នោតក្នុងពេលឆាប់ៗនេះ បន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្ននេះចូលកាន់តំណែង។ លោក Zaman បានប្រកាសពីការលាលែងពីតំណែងរបស់លោកស្រី Hasina នៅថ្ងៃទី៥ ខែសីហា។ លោកស្រីបានធ្វើដំណើរទៅប្រទេសឥណ្ឌា ហើយកំពុងស្នាក់នៅគេហដ្ឋានដ៏សុវត្ថិភាពមួយ នៅខាងក្រៅទីក្រុង New Delhi៕