ប្រមុខរបបយោធារបស់សហភាពមីយ៉ាន់ម៉ា បានប្រាប់ឲ្យដឹងថា កងកម្លាំងរបស់ខ្លួនត្រូវបានដកចេញពីទីតាំងមួយចំនួន នៅជិតព្រំដែនប្រទេសចិន ដែលការធ្វើបែបនេះ គឺយក «សុវត្ថិភាពប្រជាជន» ជាចម្បង ខណៈដែលការសម្រេចនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច បាននិយាយថា ពួកគេទទួលបានជ័យជម្នះលើកងទ័ពរដ្ឋ នៅក្នុងតំបន់នោះ។
គួរបញ្ជាក់ថា រដ្ឋសាននៅភាគខាងកើតមីយ៉ាន់ម៉ា បានជួបប្រទះនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ចាប់តាំងពីចុងខែមិថុនា នៅពេលដែលកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) ចាប់ផ្ដើមការវាយលុកឡើងវិញ ប្រឆាំងនឹងយោធា តាមបណ្តោយផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយទៅកាន់ប្រទេសចិន។
តាមរយៈសុន្ទរកថាតាមទូរទស្សន៍រដ្ឋ កាលពីយប់ថ្ងៃចន្ទ (ទី៥ ខែសីហា) លោក Min Aung Hlaing បានប្រាប់ថា៖ «ដោយមានទាក់ទងនឹងស្ថានភាពរដ្ឋ Shan កងកម្លាំងសន្តិសុខបានដកចេញពីទីតាំងរបស់ពួកគេ ដោយគិតពីសុវត្ថិភាពរបស់តំបន់បច្ចុប្បន្ន និងសុវត្ថិភាពរបស់ប្រជាជន»។ លោកបានបន្ថែមថា៖ «រដ្ឋាភិបាលនឹងបន្តខិតខំ ដើម្បីធានាសន្តិភាព និងស្ថិរភាព មិនត្រឹមតែក្នុងរដ្ឋ Shan ប៉ុណ្ណោះទេ ប៉ុន្តែគឺប្រទេសទាំងមូល»។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី MNDAA បាននិយាយថា ខ្លួនវាយដណ្ដើមបានទីបញ្ជាការយោធាក្នុងតំបន់មួយ បន្ទាប់ពីបានប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ ដែលនេះជាបរាជ័យយ៉ាងធ្ងន់ធ្ងររបស់របបយោធា៕