ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃអង្គារ (ទី៦ ខែសីហា) នេះ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានលើកឡើងថា ការចូលខ្លួនពាក់ព័ន្ធរបស់អាល្លឺម៉ង់នៅក្នុងកងកម្លាំងឃ្លាំមើលព្រំដែនដែលដឹកនាំដោយអង្គការសហប្រជាជាតិ (UN) នៅឧបទ្វីបកូរ៉េ នឹងបង្កើនភាពតានតឹង ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បង្កើតទម្រង់អង្គការណាតូ (NATO) នៅតំបន់អាស៊ី។
គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែសីហា បានក្លាយជាសមាជិកចុងក្រោយបំផុតនៃទីបញ្ជាការរបស់ UN ជាក្រុមដែលជួយត្រួតពិនិត្យព្រំដែន ដែលត្រូវបានពង្រឹងខ្លាំងក្លា រវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហើយបានប្តេជ្ញាការពារកូរ៉េខាងត្បូង ក្នុងករណីមានសង្រ្គាមកើតឡើង។
តាមរយៈសេចក្តីថ្លែងការណ៍ ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា៖ «សហរដ្ឋអាមេរិកកំពុងមានបំណងធ្វើឲ្យប្រតិបត្តិការរបស់បញ្ជាការអង្គការសហប្រជាជាតិមានភាពរស់រវើកឡើងវិញ ដែលវាគួរតែលែងមាននៅក្នុងសតវត្សរ៍ចុងក្រោយនេះ។ ការធ្វើបែបនេះ គឺមានគោលបំណងប្រែក្លាយបញ្ជាការអង្គការសហប្រជាជាតិឲ្យទៅជាទម្រង់អង្គការណាតូទី២ នៅតំបន់អាស៊ី»។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីសប្តាហ៍មុនថា សកម្មភាពនេះ គឺជាការបង្ហាញយ៉ាងច្បាស់លាស់នូវជំនឿដ៏មុតមាំរបស់ទីក្រុងប៊ែរឡាំង ដែលថា សន្តិសុខអឺរ៉ុបមានទំនាក់ទំនងមិនអាចកាត់ផ្ដាច់បានពីសន្តិសុខ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕