ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី៦ ខែសីហា) នេះ «បានណែនាំយ៉ាងម៉ឺងម៉ាត់» ដល់ពលរដ្ឋរបស់ខ្លួន ទាំងនៅក្នុងប្រទេសលីបង់ និងអ៊ីស្រាអែល ឲ្យចាកចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារតែការកើនឡើងនូវភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា។
ក្រោយមក នៅថ្ងៃអង្គារដដែលនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលបានឲ្យដឹងថា ខ្លួននឹងចេញការហាមប្រាមដល់ពលរដ្ឋរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅកាន់តំបន់ព្រំដែននៃប្រទេសអ៊ីស្រាអែល និងលីបង់ ចាប់ពីថ្ងៃពុធ (ទី៧ ខែសីហា) តទៅ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Lee Jae-woong បាននិយាយថា ការណែនាំអំពីការធ្វើដំណើរ ត្រូវបានចេញបន្ទាប់ពីមានការធ្វើឃាតលើមេបញ្ជាការនៃក្រុមហេសបូឡាររបស់លីបង់ ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ និងលើប្រធានផ្នែកនយោបាយរបស់ក្រុមហាម៉ាសដែលជាក្រុមគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប។
ការធ្វើឃាតនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតបង្ហូរឈាម នៅក្នុងតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីចុងខែមុន៕