រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib នៅថ្ងៃអង្គារ (ទី៦ ខែសីហា) បាននិយាយថា ប្រទេសរបស់លោក កំពុងប្រឹងប្រែងដើម្បីធ្វើយ៉ាងណាធានាឲ្យបានថា ការឆ្លើយតបណាមួយ ចំពោះអ៊ីស្រាអែល មិនបង្កឲ្យមានសង្គ្រាមទាំងស្រុងនោះទេ ដោយការលើកឡើងនេះ កើតមាននៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេហ្ស៊ីប។
លោក Bou Habib បានប្រាប់ថា ការឆ្លើយតបរបស់ក្រុមហេបូឡា ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល នឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រទេសពាក់ព័ន្ធណាមួយឡើយ ក្នុងនោះរួមទាំងអ៊ីស្រាអែលផងដែរ។
លោក Bou Habib បាននិយាយថា៖ «ក្នុងនាមជាមន្ត្រី យើងមិនចង់បានសង្រ្គាមណាមួយទេ។ ដូច្នេះប្រសិនបើការឆ្លើយតបចាំបាច់ វាមិនគួរជារឿងរួម ឬធ្ងន់ធ្ងរពេកនោះឡើយ រហូតដល់វាឈានទៅដល់ជម្លោះរាលដាលយ៉ាងទូលំទូលាយ»។
គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់បានកើនឡើងយ៉ាងខ្លាំង កាលពីសប្តាហ៍មុន បន្ទាប់ពីមានការធ្វើឃាតលើមេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន គឺលោក Ismail Haniyeh នៅក្រុងតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ ហើយនិងការវាយប្រហាររបស់អ៊ីស្រាអែលលើជាយក្រុងបេរូត ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា គឺលោក Fuad Shukr៕