ក្រុមប្រដាប់អាវុធរបស់ប្រទេសលីបង់ គឺក្រុមហេសបូឡា បានបើកការវាយប្រហារជាបន្តបន្ទាប់ដោយយានដ្រូន និងគ្រាប់រ៉ុក្កែតសំដៅភាគខាងជើងអ៊ីស្រាអែល នាថ្ងៃអង្គារ (ទី៦ ខែសីហា) នេះ ហើយថែមទាំងបានព្រមានថា ការសងសឹកដែលគ្រប់គ្នារំពឹងថា នឹងកើតឡើងនោះ មិនទាន់លេចរូបរាងនៅឡើយទេ ពោលគឺការឆ្លើយតបចំពោះអ៊ីស្រាអែល ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមនេះ កាលពីសប្តាហ៍មុន។
ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់បង្ហោះយានដ្រូនសំដៅទីតាំងយោធាចំនួន២ នៅជិតទីក្រុង Acre ភាគខាងជើងអ៊ីស្រាអែល ហើយថែមទាំងបានវាយប្រហាររថយន្តយោធាអ៊ីស្រាអែល នៅកន្លែងផ្សេងមួយទៀតផងដែរ។
ចំណែកយោធាអ៊ីស្រាអែលបាននិយាយថា យានដ្រូនអរិភាពមួយចំនួន ត្រូវបានកំណត់អត្តសញ្ញាណហោះឆ្លងកាត់ចេញពីប្រទេសលីបង់ ហើយមួយគ្រឿងត្រូវបានស្ទាក់ចាប់។ យោធាបានប្រាប់ទៀតថា ជនស៊ីវិលជាច្រើននាក់ បានរងរបួសនៅភាគខាងត្បូងនៃទីក្រុងឆ្នេរសមុទ្រ Nahariya។ រូបភាពវីដេអូរបស់ទូរទស្សន៍ Reuters បានបង្ហាញពីកន្លែងប៉ះពាល់មួយនៅជិតចំណតរថយន្តក្រុងលើផ្លូវធំមួយ នៅខាងក្រៅទីក្រុង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបានឲ្យដឹងថា សំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅជុំវិញទីក្រុង Acre ប៉ុន្តែសំឡេងនោះបានប្រែក្លាយជាការជូនដំណឹងក្លែងក្លាយទៅវិញ។ ជាមួយគ្នានេះ យោធាបានបន្ថែមទៀតថា កងកម្លាំងអាកាសរបស់ខ្លួន បានវាយប្រហារទីតាំងរបស់ក្រុមហេសបូឡាចំនួន២ នៅភាគខាងត្បូងប្រទេសលីបង់។
គួរបញ្ជាក់ថា ការភ័យខ្លាចកំពុងកើនឡើងយ៉ាងខ្លាំង ដែលថា តំបន់មជ្ឈិមបូព៌ាអាចនឹងត្រូវបានប្រែក្លាយទៅសង្រ្គាមពេញទំហឹង បន្ទាប់ពីមានការសន្យាដោយក្រុមហេសបូឡាថា នឹងសងសឹកចំពោះការសម្លាប់មេបញ្ជាការរបស់ក្រុមនេះ គឺលោក Fuad Shukr ហើយអ៊ីរ៉ង់ក៏ប្ដេជ្ញាឆ្លើយតបផងដែរទៅនឹងការធ្វើឃាតលើប្រមុខក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅទីក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន។
ហើយបើទោះជាមានការវាយប្រហារនៅថ្ងៃអង្គារនេះ ក៏ប្រភពពីក្រុមហេសបូឡា បានប្រាប់សារព័ត៌មាន Reuters ថា៖ »ការឆ្លើយតបទៅនឹងការធ្វើឃាតមេលើបញ្ជាការ លោក Fuad Shukr មិនទាន់លេចរូបរាងនៅឡើយទេ»៕