ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ បានសម្របសម្រួលឱ្យពលការិនីចំនួន ២៦នាក់បន្ថែមទៀត បានវិលត្រឡប់មកប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព។
នៅក្នុងសេចក្តីជូនដំណឹងស្តីពី វឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចុះថ្ងៃទី៦ សីហា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃនេះ ក្រសួងបានរៀបចំឱ្យពលការិនីវិលត្រឡប់មកមាតុប្រទេសវិញសរុបចំនួន ១០៤នាក់រួចហើយ។
ការមកដល់របស់ពលការិនី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង ដោយពលការិនីបានជួបជុំជាមួយក្រុមគ្រួសារប្រកបដោយភាពនឹករលឹក និងសប្បាយរីករាយ។ បន្ថែមពីនេះទៀត មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ក៏បានផ្តល់ការពិនិត្យសុខភាពដល់ពលការិនី ណែនាំអំពីឱកាសការងារ ដើម្បីផ្តល់ការងារថ្មីធ្វើ និងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងបានជូនពួកគេទៅកាន់គេហដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព៕
អត្ថបទ៖ ឈិត បូរ៉ាវី






