សហរដ្ឋអាមេរិក រកបានមេដាយមាស៣គ្រឿងបន្ថែមទៀតពីថ្ងៃប្រកួតទី១១ ដើម្បីឈរនៅលំដាប់ទី១តារាងជើងឯកអូឡាំពិក ខណៈចិនឈ្នះមេដាយមាសមួយគ្រឿងបន្ថែម។
កីឡាការិនីអាមេរិក Emit Elor ឈ្នះមេដាយមាសកីឡាចំបាប់វិញ្ញាសាសេរី៦៨គីឡូក្រាមនារី។ កីឡាករ Cole Hocker ដណ្តើមបានមេដាយមាសកីឡារត់ចម្ងាយ១៥០០ម៉ែត្រ និងកីឡាការិនី Gabrielle Thomas ឈ្នះវិញ្ញាសារត់២០០ម៉ែត្រនារី។ ពេលនេះអាមេរិកមានមេដាយសរុប៨៦គ្រឿង មាស២៤ ប្រាក់៣១ និងសំរឹទ្ធ៣១។
មេដាយមាសមួយគ្រឿងបន្ថែមទៀតរបស់ចិនកើតឡើង ពេលដែលកីឡាការិនី Quan Hongchan ឈ្នះកីឡាលោតទឹកវិញ្ញាសាផ្លេតហ្វម១០ម៉ែត្រនារី។ ចិនឈរនៅលំដាប់លេខ២ជាមួយមេដាយមាស ២២គ្រឿង ២១គ្រឿង សំរឹទ្ធ១៦គ្រឿង សរុប៥៩គ្រឿង។
ចំណែកអូស្ត្រាលី ជប៉ុន កាណាដា បារ៉ែន អាល្លឺម៉ង់ គុយបា ហូឡង់ ក្រិក និងអៀរឡង់ សុទ្ធតែដណ្តើមបានមេដាយមាសមួយគ្រឿងៗដូចគ្នា។
កីឡាដែលត្រូវដណ្ដើមមេដាយនៅថ្ងៃប្រកួតទី១២នេះមាន អត្តពលកម្ម ទូកក្តោង ឡើងភ្នំ លើកទម្ងន់ ស្កេតបត ប្រណាំងកង់ក្នុងសាល ចំបាប់ កាយសម្ព័ន្ធ តេក្វាន់ដូ និងកីឡាប្រដាល់៕
