យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ចំនួនអ្នកស្លាប់ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅប្រទេសបង់ក្លាដែសកាលពីថ្ងៃអង្គារ ៦ សីហា សប្ដាហ៍នេះ បានកើនឡើងដល់ ៤៤០ នាក់ រួមទាំងការស្លាប់ប្រមាណ១០០ នាក់ទៀត ត្រូវបានរាយការណ៍បន្ទាប់ពីលោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានភៀសខ្លួនចេញពីប្រទេសនេះអំឡុងភាពវឹកវរ ខណៈមានការខិតខំប្រឹងប្រែងដោយកងទ័ពដើម្បីគ្រប់គ្រងស្ថានភាព នៅក្នុងប្រទេសដែលរងគ្រោះដោយអំពើហិង្សាមួយនេះ។

គេហទំព័រព័ត៌មាន BDNews24.com បាននិយាយថា ទោះបីជាចំនួនអ្នកស្លាប់មានកម្រិតខ្ពស់ក៏ដោយ គេបានមើលឃើញមានសញ្ញានៃការវិលត្រឡប់មករកភាពប្រក្រតីវិញកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ដោយមានកងកម្លាំងនគរបាល និងកងទ័ពដើរល្បាតតាមដងផ្លូវ និងបានបន្ថែមថា សាលារៀនត្រូវបានបើកឡើងវិញបន្ទាប់ពីការបិទរយៈពេលយូរ ដោយសារតែតវ៉ាប្រឆាំងនឹងលោកស្រី Hasina ជុំវិញប្រព័ន្ធកូតាការងារដ៏ចម្រូងចម្រាស។

ស្ថានការណ៍នៅទីក្រុងដាកា បានស្ងប់ស្ងាត់ភាគច្រើនកាលពីថ្ងៃអង្គារ បន្ទាប់ពីភាពចលាចលមួយថ្ងៃ និងភាពតានតឹងទាំងយប់។ រថយន្តក្រុង និងសេវាដឹកជញ្ជូនសាធារណៈផ្សេងទៀតបានធ្វើដំណើរជាធម្មតានៅតាមផ្លូវ ហើយអាជីវករកំពុងបើកហាងជាបណ្ដើរៗ។
សារព័ត៌មានប្រចាំថ្ងៃបង់ក្លាដែ Prothom Alo បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០៩នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងផ្នែកផ្សេងៗនៃប្រទេស រួមទាំងទីក្រុង Dhaka ក្នុងអំឡុងពេលចលនានិស្សិតប្រឆាំងការរើសអើងកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ៕