រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារ នៅក្នុងពាក្យចំៗរបស់លោកទៅកាន់សម្ព័ន្ធមិត្តអ៊ីស្រាអែល អំពីភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា ថា ទាំង អ៊ីរ៉ង់ និងអ៊ីស្រាអែល គួរតែបញ្ចៀសជម្លោះកុំឲ្យកាន់តែរីកធំ។

លោក Blinken បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «គ្មាននរណាម្នាក់នឹងធ្វើឲ្យជម្លោះឲ្យកាន់តែរីកធំឡើយ»។ យើងបានចូលរួមក្នុងផ្នែកការទូតដ៏ខ្លាំងក្លាជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដោយបានធ្វើការទំនាក់ទំនងតាមសារដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយយើងក៏បានទាក់ទងតាមសារដោយផ្ទាល់ទៅកាន់អ៊ីស្រាអែលផងដែរ។
អ៊ីរ៉ង់ បានប្តេជ្ញាឆ្លើយតប បន្ទាប់ពីអ៊ីស្រាអែល ដែលត្រូវបានគេសង្ស័យថាបានសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយបង្ហើបពីការខកចិត្តចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជុំវិញការធ្វើឃាតនេះ ដែលបានកើតឡើងខណៈ លោកសង្ឃឹមថានឹងធ្វើឱ្យមានវឌ្ឍនភាពក្នុងកិច្ចចរចាដើម្បីឈានដល់បទឈប់បាញ់ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សាដែលមានរយៈពេល១០ ខែមកនេះ។
លោក Blinken បាននិយាយថា «ការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល គឺមានលក្ខណៈរឹងមាំ។ យើងនឹងបន្តការពារអ៊ីស្រាអែលប្រឆាំងការវាយប្រហារពីក្រុមភេរវករ ឬអ្នកឧបត្ថម្ភរបស់ពួកគេ ខណៈយើងនឹងបន្តការពារកងទ័ពរបស់យើងផងដែរ។
លោក Blinken បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស និងការពារជាតិអូស្ត្រាលីនៅក្នុងទីក្រុង Annapolis រដ្ឋ Maryland ថា សហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងខ្លាំងក្លាដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងដើម្បីការពារការរីករាលដាលជម្លោះ។