យោងតាមប្រភពជាន់ខ្ពស់ចំនួនពីររបស់អ៊ីរ៉ង់ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានស្នើឱ្យមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ឆ្លើយតបដោយប្រុងប្រយ័ត្នចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស ដែលសង្ស័យថាជាទង្វើរបស់អ៊ីស្រាអែល ដោយផ្តល់ដំបូន្មានប្រឆាំងនឹងការវាយប្រហារលើជនស៊ីវិល។

ប្រភពទាំងនោះបានឱ្យដឹងថា សារនេះត្រូវបានផ្ញើកាលពីថ្ងៃចន្ទ ដោយលោក សើហ្គេ សយហ្គូ (Sergei Shoigu) ដែលជាសម្ព័ន្ធមិត្តជាន់ខ្ពស់របស់មេដឹកនាំវិមានក្រឹមឡាំងរូបនេះ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ខណៈសាធារណរដ្ឋអ៊ីស្លាមមួយនេះកំពុងថ្លឹងថ្លែងចំពោះការឆ្លើយតបរបស់ខ្លួនលើការធ្វើឃាត លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh)។

នៅទីក្រុងមូស្គូ និងវិមានក្រឹមឡាំង មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Shoigu បានពិភាក្សាអំពីការសម្លាប់លោក Haniyeh ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅទីក្រុងតេអេរ៉ង់។ ប្រភពទាំងពីរដែលដឹងពីបញ្ហានេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើការពិភាក្សារបស់លោក Shoigu ទេ។

ពួកគេបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Shoigu គឺជាមួយក្នុងចំណោមផ្លូវជាច្រើនដែលទីក្រុងមូស្គូធ្លាប់បានប្រើដើម្បីបញ្ជូនសារនៃតម្រូវការសម្រាប់ការអត់ធ្មត់ទៅកាន់អ៊ីរ៉ង់ ដោយស្របពេលជាមួយគ្នានោះក៏បានថ្កោលទោសការសម្លាប់លោក Haniyeh ថាជា «ការធ្វើឃាតដ៏គ្រោះថ្នាក់បំផុត» ក្នុងគោលបំណងទប់ស្កាត់សង្រ្គាមមជ្ឈិមបូព៌ា៕